ភ្នំពេញ៖ ពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ស្ដីពីត្រីទឹកសាបធំបំផុតរបស់កម្ពុជា និងសិក្ខាសាលាអន្តរជាតិស្ដីពីស្ថានភាពត្រីបបែលយក្ស នឹងត្រូវរៀបចំនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នៅសណ្ឋារគារ ហ៊ីម៉ាវ៉ារី ទីក្រុងភ្នំពេញ ដែលមានការអញ្ជើញជាកិត្តិយពីលោក ហាស់ សារ៉េត តំណាងលោក រដ្ឋមន្ត្រីក្រសួងកសិកម្ម។
កម្មវិធីនេះ ក៏មានការផ្ដល់បណ្ណសរសើរដល់បុគ្គលឆ្នើមដែលបានចូលរួមការពារ និងអភិរក្សត្រីបបែលយក្ស និងជីវៈចម្រុះទន្លេមេគង្គ ពិភាក្សាពីរបាយ ចំនួនប្រជាករ លក្ខណៈជីវសាស្ត្រ និងរៀបចំធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីត្រីបបែលយក្សទឹកសាប ដើម្បីរៀបចំផែនការនាពេលអនាគតក្នុងការស្រាវជ្រាវ គ្រប់គ្រង និងអភិរក្ស ក្នុងតំបន់ទន្លេមេគង្គនិងប្រព័ន្ធទន្លេនានាលើពិភពលោក។
សូមជម្រាបថា ត្រីបបែលយក្សនេះ ត្រូវបានអ្នកនេសាទ នៅក្នុងខេត្តស្ទឹងត្រែងចាប់បាន កាលពីថ្ងៃទី១៣ មិថុនា បច្ចុប្បន្នបានបំបែកកំណត់ត្រាជាត្រីទឹកសាប ធំបំផុតលើលោក។ ត្រីបបែលនេះ មានទម្ងន់ប្រមាណជា ៣០០គីឡូក្រាម និងត្រូវបានគេដាក់ឈ្មោះថា «បូណ៌មី» ដែលមានន័យថា «ព្រះច័ន្ទពេញវង្ស»។
បើតាមក្រសួងកសិកម្ម បានឲ្យដឹងថា ចាប់តាំងពីធ្វើការដោះលែងវាមក ក្រុមការងារបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic ហើយវានឹងជួយការពារប្រភេទសត្វជិតផុតពូជនេះ។
តាមរយៈត្រីបបែលយក្យនេះ ប្រទេសកម្ពុជាទទួលបានពរជ័យជាជីវចម្រុះដ៏អស្ចារ្យ ដែលប្រជាពលរដ្ឋទាំងមូល ពិតជាមានមោទកភាព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីតួនាទីដ៏សំខាន់របស់ទន្លេមេគង្គ៕