ភ្នំពេញ៖ យុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈរលើអាទិភាពចម្បង៣គឺ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេច បាននូវអព្យាក្រឹតភាពកាបូន។ នេះបើតាមការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសន្នីសីទស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធសាស្រ្តចក្រា ត្រូវបានវាយតម្លៃខ្ពស់ ពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តោតលើការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានកាន់តែមានប្រសិទ្ឋភាព ដើម្បីជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយនឹងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដោយមានការចូលរួមពីសិស្សានុសិស្ស ចំនួនជាង ២លាននាក់។ យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ និងកាកបាទក្រហមកម្ពុជាផងដែរ។
លើសពីនេះ ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ឲ្យមានប្រសិទ្ធភាព រួមមាន ការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ និង ពង្រឹងសហការឲ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូជាសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និង បង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព៕