ប៉ូលីសនៅទីក្រុង Thu Duc នៃទីក្រុងហូជីមិញ បានឃាត់ខ្លួនបុរសបីនាក់បន្ទាប់ពីធ្វើការបង្ហោះម៉ូតូសម្តែងភាពឡូយឆាយរបស់ខ្លួនពេលបើកបរម៉ូតូមួយគ្រឿងតាមផ្លូវ។ប៉ូលីសបានឲ្យដឹងថាអ្នកបង្ហោះម៉ូតូមាន៣នាក់រួមមានលោក Duong Quoc Cuong អាយុ ៣២ ឆ្នាំ Hoang Anh Trung អាយុ ២០ ឆ្នាំ និង Nguyen Thanh Xuan Truong អាយុ ២៣ ឆ្នាំកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ "រំខានសណ្តាប់ធ្នាប់សាធារណៈ"។
យោងតាមកាសែតវៀតណាម VN Express បានចុះផ្សាយថាអ្នកទាំងបីបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គមដែលពួកគេបើកម៉ូតូមួយគ្រឿងដោយមិនពាក់មួកសុវត្ថិភាព និងធ្វើការបង្ហោះនៅផ្លូវ Tran Bach Dang នៃទីក្រុង Thu Duc ដែលនេះបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈជាខ្លាំង។
ក្នុងចំណោមអ្នកបង្ហោះម៉ូតូទាំង៣នាក់មានម្នាក់ជាម្ចាស់ Channel YouTube និងទំព័រ Facebook ដែលមានអ្នក Subscribe និង Follow រាប់ម៉ឺននាក់ប៉ូលីសបាននិយាយថា វីដេអូ និងរូបភាពបែបនេះដែលត្រូវបានផ្សព្វផ្សាយ មិនគ្រាន់តែរំខានដល់សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កើតផលប៉ះពាល់អវិជ្ជមានដល់យុវជនដែលតាមដានគាត់តាមអ៊ីនធឺណិតថែមទៀតផង។ បច្ចុប្បន្នអ្នកទាំងបីកំពុងត្រូវបានអាជ្ញាធរបញ្ចូនសុំណុំរឿងទៅកាន់តុលាការដើម្បីបន្តនិតិវិធីច្បាប់៕