![](https://cdn.cc-times.com/kh.cc-times.com/media/40061/large/photo_2023-11-08_15-35-10.jpg?1699433147)
ភ្នំពេញ៖ អាជីវករអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ នៅក្បែរផ្សារធំថ្មី និងផ្សារអូឬស្សី ក្នុងរាជធានីភ្នំពេញ បាននិយាយត្អូញត្អែរអំពីភ្នាក់ងារប្រមូលភាសុីមួយចំនួននៅតែបន្តប្រមូលភាសុីពីពួកគាត់ជារៀងរាល់ថ្ងៃ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសអំពីការផ្អាក់យកភាសុីពីពួកគាត់ កាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០២៣ក៏ពិតមែន។ នេះបើតាមការលើកឡើងរបស់អាជីវករទាំង ១០នាក់ បានប្រាប់អ្នកសារព័ត៌មានសុីសុីថាមស៍។
![](https://cdn.cc-times.com/kh.cc-times.com/media/40062/large/photo_2023-11-08_15-41-59.jpg?1699433163)
អាជីវករលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ ដែលសូមមិនបញ្ចេញឈ្នោះ ចំនួន ១០នាក់ ដែលពួកគាត់បានប្រកបមុខរបរលក់ដូរនៅក្បែរផ្សារធំថ្មី និងផ្សារអូឬស្សី រយៈពេលច្រើនឆ្នាំនៅទេះ ដោយរួមមាន អ្នកលក់នំបញ្ចុក ពោតអាំង ទឹកអំពៅ លក់ទឹកដូង នំបុ័ងសាច់ អន្សមអាំង លក់ប្រហិត និងបន្លែ បានលើកឡើងថា ពួកគាត់បានទៅលក់ដូរនៅទីនេះ ជារៀងរាល់ថ្ងៃតែងតែត្រូវបង់ថ្លៃភាសុីឲ្យភ្នាក់ងារប្រមូលថ្លៃភាសុី ឬថ្លៃបង់ផ្សេងៗ រាល់ថ្ងៃ នៅពេលដែលពួកគាត់ទៅលក់ដូរនៅទីនេះ។ ហើយចំពោះការផ្ដល់នេះ នៅក្នុង ១ថ្ងៃ ពួកគាត់ត្រូវបង់ឲ្យក្រុមប្រមូលភាសុី ឬថ្លៃបង់ផ្សេងៗជាប្រាក់ចំនួន ៥០០ ទៅ ៧០០រៀល ជាប្រចាំ បើទោះបីជារដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសពីការមិនយកភាសុីពីពួកគាត់យ៉ាងណាក៏ដោយ។
អាជីវករទាំននេះ បានបន្តថា ប្រសិនបើអាជីវករលក់ដូររូបណាមិនព្រមបង់ថ្លៃភាសុី ឬបង់ថ្លៃផ្សេងៗឲ្យភ្នាក់ងារប្រមូលភាសុីទេនោះ អាជីវករលក់ដូរទាំងនេះនឹងត្រូវគេហាមឃាត់មិនព្រមឲ្យលក់ដូរបាននៅទីតាំងនេះបានទៀតឡើយ មិនថាអ្នកលក់ដូរនៅលើដងផ្លូវ ឬលក់ដូរចល័តគ្រប់ប្រភេទនូវទីតាំងផ្សេងៗ គឺគេមិនអនុញ្ញាតឲ្យអាជីវករទាំងនេះលក់ដូរបានជាដាច់ខាត់។ អាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អី និងលក់ដូរចល័តគ្រប់ប្រភេទទាំងអស់នៅក្បែរផ្សារធំថ្មី និងផ្សារអូឬស្សី ក៏បានស្នើដល់រាជរដ្ឋាភិបាលរាជធានីភ្នំពេញ ជួយបង្កើនការយកចិត្តទុកដាក់ នឹងត្រួតពិនិត្យភ្នាក់ងារប្រមូលភាសុីមួយចំនួនដែលនៅតែប្រមូលភាសុី ព្រោះរាល់ថ្ងៃនេះមិនទាន់បញ្ឈប់ការប្រមូលនៅឡើយ។ បើចំពោះសម្ភារៈដែលពួកគាត់តែងតែធ្វើដំណើរនៅលើដងផ្លូវ ដោយប្រើកង់ ម៉ូតូជួលគេ និងដើរថ្មើរជើង ដើម្បីប្រកបរបរលក់ដូរចិិញ្ជឹមជីវិតប្រចាំថ្ងៃ។
![](https://cdn.cc-times.com/kh.cc-times.com/media/40063/large/photo_2023-11-08_15-42-03.jpg?1699433180)
គួរបញ្ជាក់ថា ក្រោមការដឹងនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានយកចិត្តទុកដាក់នូវការលំបាករបស់ប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ សម្ដេចបានចេញសេចក្ដីសម្រេចលុបការបង់ភាសុី និងការបង់ថ្លៃផ្សេងៗ ចំពោះពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងទីកន្លែងលក់ដូរ និងផ្សារទូរទាំងប្រទេស។ សេចក្ដីសម្រេចនោះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៣ ក៏បានចេញសេចក្ដីប្រកាសអំពីការផ្អាក់ប្រមូលយកភាសុីពីអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ នៅក្នុងរាជធានីភ្នំពេញផងដែរ៕