ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចង់ឃើញប្រជាពលរដ្ឋកម្ពុជាផ្លាស់ប្ដូរឥរិយាបថក្នុងការប្រើប្រាស់ថង់ប្លាស្ទិក ក៏ដូចជា កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឱ្យបានជាអតិផរណា ខណៈថង់ប្លាស្ទិកនេះ នាំបញ្ហាច្រើនដល់សង្គម បរិស្ថាន និង សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ស៊ីស៊ីថាមស៍ លោក អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន បានចាប់ផ្ដើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណង អប់រំឱ្យប្រជាពលរដ្ឋយល់ពីផលលំបាក ពីឥទ្ធិពលអាក្រក់នៃប្លាស្ទិកសម្រាប់បរិស្ថាន និង ជីវិត គឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅសម្រេចនូវផែនការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
បើតាម លោក អ៊ាង សុផល្លែត តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លោកចង់ឃើញប្រជាពលរដ្ឋកម្ពុជាផ្លាស់ប្ដូរឥរិយាបទក្នុងការប្រើប្រាស់ថង់ប្លាស្ទិក ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឱ្យបានជាអតិផរណា ព្រោះថង់ប្លាស្ទិកនាំបញ្ហាច្រើនដល់សង្គម បរិស្ថាន និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។សម្រាប់លោករដ្ឋមន្ត្រី
មានសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមរហូតដល់៩០% យ៉ាងតិច ដោយសារការចូលរួមក្នុងយុទ្ធនាការនេះ មិនសម្រាប់តែកែប្រែផ្នត់គំនិត និងឥរិយាបថប្រជាពលរដ្ឋនៅជំនាន់នេះនោះទេ គឺសម្រាប់ជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីក្រសួងបរិស្ថានចាប់ផ្ដើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រហូតដល់ថ្ងៃទី៧ វិច្ឆិកា មានអ្នកចូលរួមសរុបចំនួន ២,៥០៨,៨៧៤នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ៧៤០៩ លើក ក្នុងនោះការផ្សព្វផ្សាយនៅសាលារៀនបានចំនួន ៥៦៩២លើក ដែលមានលោកគ្រូអ្នកគ្រូចូលរួមសរុប ១០០,០៧៥នាក់ និងសិស្សានុសិស្សចំនួន ២,៤០៨,៧៩៩នាក់ នៅក្នុងក្រុងនិងស្រុកចំនួន១៦៨៕