ភ្នំពេញ៖ ការសរុបលទ្ធផលនៃដំណើរការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់ ក្នុងនោះបេក្ខជនអវត្តមានសរុប ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤នាក់ ស្រី៧៤៩នាក់)។ បេក្ខជនមានបញ្ហាសុខភាព ៨៥ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពនិងមិនអាចបន្តការប្រឡងបានចំនួន៥ករណី ក្រៅពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតា បន្ទាប់ពីបានធូរស្រាល។
បើតាមក្រសួងអប់រំ បានបញ្ជាក់ថា រយៈពេល០២ថ្ងៃ នៃដំណើរការសំណេរនៃការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីជានៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។
គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្សបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវ និងដោយមានកិច្ចសហការល្អពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមាន១ករណីគត់ ។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ បានបញ្ចប់ទៅនៅម៉ោង ១៦:៣០ រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ហឹបសំណៅកិច្ចការបេក្ខជននិងសំណុំឯកសារពាក់ព័ន្ធការប្រឡងនឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ហើយត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញដើម្បីបន្តដំណើរការកំណែ។
គួរបញ្ជាក់ថា តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕