កាហ្សាក់ស្ថាន៖ កាហ្សាក់ស្ថានបានត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់រុស្សីឡើងវិញចូលក្នុងទីផ្សារពិភពលោកបន្ទាប់ពីខកខានអស់ជាង២ឆ្នាំចាប់តាំងពីរុស្សីបើកប្រតិបត្តិការពិសេសលើអ៊ុយក្រែនមក។ លោកប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev បានប្រាប់កាសែត Izvestia ប្រចាំថ្ងៃរបស់រុស្សីមួយថ្ងៃមុនពេលប្រធានាធិបតី Vladimir Putin គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់កាហ្សាក់ស្ថាន។
ប្រទេសកាហ្សាក់ស្ថានធ្លាប់ព្យាយាមដកខ្លួនចេញពីប្រទេសរុស្សីដំបូងបន្ទាប់ពីការលុកលុយពេញលេញរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន កាហ្សាក់ស្ថានដែលជាប្រទេសនៅអាស៊ីកណ្តាលហាក់ដូចជាមានភាពកក់ក្តៅចំពោះគំនិតសហជីពឧស្ម័នរបស់រុស្សីក្នុងការនាំចេញបន្តទៅលក់នៅខាងក្រៅដែលលោកពូទីនបានស្នើកាលពីឆ្នាំមុន។
លោក Tokaev បានគូសបញ្ចាក់ថា "លោកចាប់អារម្មណ៍ក្នុងការប្រើប្រាស់ពេញលេញនៃសក្តានុពលរបស់ប្រទេសលោក ហើយត្រៀមខ្លួនជាស្រេចដើម្បីបង្កើនបរិមាណនៃការដឹកជញ្ជូនឧស្ម័នរបស់រុស្សីក្នុងការនាំចេញទៅកាន់ទីផ្សារខាងក្រៅ។ លោកពូទីនក៏មានបំណងចង់ជំរុញការលក់ថាមពល និងទំនិញរបស់ខ្លួននៅក្នុងតំបន់អាស៊ី បន្ទាប់ពីរងការវាយប្រហារដោយទណ្ឌកម្មរបស់លោកខាងលិចជុំវិញការឈ្លានពានលើអ៊ុយក្រែន លោក ពូទីន បានស្នើគំនិត "សហជីពឧស្ម័ន" កាលពីចុងឆ្នាំមុន ដើម្បីគាំទ្រដល់ការនាំចេញរវាងប្រទេសទាំងបី និងអ្នកទិញថាមពលផ្សេងទៀត រួមទាំងប្រទេសចិនផងដែរ។
កាលពីខែមុន រុស្សីបានចាប់ផ្តើមផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់ប្រទេសអ៊ូសបេគីស្ថាន តាមរយៈកាហ្សាក់ស្ថាន ដោយប្រារព្ធពិធីនៅក្នុងទីក្រុងមូស្គូ និងកន្លែងផ្សេងទៀតដែលមានការចូលរួមដោយប្រធានាធិបតីនៃប្រទេសទាំងបី ហើយបានបង្ហាញនៅលើទូរទស្សន៍រដ្ឋរុស្សីផ្ទាល់។គម្រោងនេះ លោក Tokaev អះអាងថានឹងផ្តល់កម្លាំងរុញច្រានដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍន៍ឧស្សាហកម្មនៃប្រទេសរបស់លោក និងប្រទេសជាដៃគូ៕