តូក្យូ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានអំពាវនាវឲ្យបណ្តាលប្រទេសក្រុម G7 រួមមានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង ព្រមទាំងសហភាពអឺរ៉ុបផងដែរឲ្យចាត់វិធានការច្បាស់លើអំពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ការអំពាវនាវរបស់លោក Blinken ធ្វើឡើងក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសដទៃទៀតនៅក្នុងប្រទេសជប៉ុន។
រដ្ឋមន្រ្តីការបរទេសជើងចាស់អាម៉េរិករូបនេះបានអះអាងថា "នេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុម G7 ដើម្បីរួមគ្នាប្រឈមមុខនឹងវិបត្តិនេះ ហើយយើងទាំងអស់គ្នាត្រូវតែមានវិធានការច្បាស់លាស់អំពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់។ លោក Blinken បន្ថែមថាទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការ "យ៉ាងខ្លាំងក្លា" ដើម្បីពង្រីកជំនួយសម្រាប់ជនស៊ីវិលដែលជាប់គាំងក្នុងតំបន់ជម្លោះ។
យោងតាមអាជ្ញាធរអ៊ីស្រាអែលបានឱ្យដឹងថា យោធាអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកឥតឈប់ឈរទៅលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារលើអ៊ីស្រាអែលដែលបានសម្លាប់មនុស្សជាង ១,៤០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល។ ចំណែកក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថាចំនួនអ្នកស្លាប់នៅហ្គាហ្សាបានកើនជាង ១០,០០០ នាក់រួមទាំងកុមារជាង ៤,០០០ ផងដែរ។
លោក Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលកាលពីថ្ងៃចន្ទបាននិយាយថា សង្រ្គាមនឹងបន្តរហូតដល់អ៊ីស្រាអែលបានស្ដារឡើងវិញនូវ "សន្តិសុខទូទៅនៅក្នុងប្រទេស" និងការគ្រប់គ្រងតំបន់ហ្គាហ្សាឡើងវិញ៕