ភ្នំពេញ៖ ក្រសួងសុខាភិបាល បានដឹកនាំបន្តវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៥ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៣០ នាក់ ដើម្បីបន្តអនុវត្តយុទ្ធសាស្រ្តអាទិភាព១ ក្នុងចំណោម៣ ដែលក្រសួងបានដាក់ចេញ គឺការពង្រឹងស្ថាប័នតាមរយៈការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ ដើម្បីជាជំនួយដល់ថ្នាក់ដឹកនាំឱ្យមានជំនាញច្បាស់លាស់ ក្នុងការសម្រេចចិត្ត។
ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល បានដឹកនាំបន្តវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៥ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ជិត២ពាន់នាក់។
មេរៀនក្នុងសប្តាហ៍នេះ គឺជាគន្លឹះសំខាន់ទី២ សម្រាប់ដោះស្រាយបញ្ហាស្របជាមួយនឹងគោលបំណង៥ចំណុចសំខាន់ៗដូចជា៖ ១) ការញែកដាច់ពីគ្នារវាងវិធីសាស្រ្តកំណែទម្រង់ ដែលមានដំណោះស្រាយបានកំណត់ជាក់លាក់ជាមុនធៀបទៅនឹងវិធីសាស្រ្តដែលព្យាយាមដោះស្រាយបញ្ហា ២) ការលើកឡើង និងការកំណត់អាទិភាពបញ្ហាទាំងឡាយដែលចង់ផ្តោតដោះស្រាយ ៣) ការបំបែកបញ្ហាដែលសំខាន់បំផុត ក្នុងចំណោមបញ្ហាតូចៗទាំងឡាយ ទៅជាសមាសធាតុគន្លឹះនានា ៤) ការកំណត់មនុស្ស ឬបុគ្គលសក្តានុពលដែលជាប់ពាក់ព័ន្ធសំខាន់ជាមួយបញ្ហាទាំងនោះ រួមទាំងកំណត់ថាបុគ្គលណាមួយដែលជាប់ពាក់ព័ន្ធសំខាន់ជាងគេ ៥)ត្រូវចេះវាស់វែងពីទំហំបញ្ហា ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ត ដែលអាចនឹងបញ្ចុះបញ្ចូលអ្នកដឹកនាំមួយចំនួន ឱ្យមានការយកចិត្តទុកដាក់បន្ថែម។
ក្រសួងសុខាភិបាលបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕