សាកលវិទ្យាល័យខេមតិច សហការជាមួយសាកលវិទ្យាល័យឈៀងម៉ៃ (Chiang Mai university) និង សាកលវិទ្យាល័មេហ្វាលួង(Mae Fah Luang University) ក្រោមការឧបត្ថម្ភដោយ គម្រោងមេគង្គ-ឡាងឆាង និងសហឧបត្ថម្ភដោយក្រុមហ៊ុនCAS-Cogniser (ក្រុមហ៊ុន ខាស់ ខុកណាយស័រ)បានរៀបចំ សិក្ខាសាលា ស្តីពីការអភិវឌ្ឍបច្ចេកវិទ្យាវៃឆ្លាត ដើម្បីបញ្ជៀសហានិភ័យ និង គ្រប់គ្រងសុវត្ថិភាពនៅក្នុង វិស័យឧស្សាហកម្ម (Development and Demonstration of Key Technologies for Industrial Production Safety Prevention and Control in Lancang-Mekong Region) នៅថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅបរិវេណនៃសាកលវិទ្យាល័យខេមតិច។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង បង្ហាញនិសិ្សតនិង ក្រុមហ៊ុនផ្សេង សម្រាប់ការប្រើប្រាស់IOT និងបញ្ញាសិប្បនិមិ្មត នៅក្នុងទីក្រុងវៃឆ្លាតដែលអាចប្រើប្រាស់ក្នុងចង្វាក់ផលិតកម្ម និងប្រព័ន្ធសុវត្ថិភាព។
នៅក្នុងការបើកកម្មវិធី បណ្ឌិតព្រហ្ម សុភា សាស្ត្រាចារ្យជាន់ខ្ពស់ និងជាព្រឹទ្ធបុរសរងមហាវិទ្យាល័យវិស្វកម្មនៃ សាកលវិទ្យាល័យខេមតិច បានថ្លែងថាសាកលវិទ្យាល័យខេមតិច ជាសាកលវិទ្យាល័យបច្ចេកវិទ្យា បង្រៀនជំនាញថ្នាក់ឧត្តមសិក្សាដែលឆ្លើយតបនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ក៍ដូចជាតម្រូវការ បច្ចេកវិទ្យានៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។
ដូច្នេះ ការរៀបចំកម្មវិធីនេះ គឺជាឱកាសដ៏ពិសេសមួយដែលសាកលវិទ្យាល័យនិងក្រុមហ៊ុនដៃគូរបស់សាកលវិទ្យាល័យខេមតិច បានបង្ហាញបច្ចេកវិទ្យាថ្មីៗ ដើម្បីបញ្ជៀសហានិភ័យ និងគ្រប់គ្រងសុវត្ថិភាពនានា នៅក្នុងវិស័យឧស្សាហកម្មដល់និស្សិតនៃសាកលវិទ្យាល័យខេមតិច ក៏ដូចជាក្រុមហ៊ុនដៃគូរបស់យើង។ សិក្ខាសាលានេះ ក៏បានបង្ហាញអំពីជោគជ័យមួយ នៃកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាល អ្នកស្រាវជ្រាវ ក៏ដូចជាក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីដោះស្រាយបញ្ហាសង្គមក្នុងតំបន់។
បណ្ឌិតព្រហ្ម សុភា សង្្ឃឹមថានិស្សិត នឹងទទួលបានគំនិតថ្មីៗ ក្នុងការប្រើប្រាស់ចំណេះដឹង និង ចំណេះធ្វើ ដែលបានសិក្សានៅសាកលវិទ្យាល័យ ដើម្បីដោះស្រាយបញ្ហានាពេលអនាគត។
លោក ប្រាដន សូ៊រីផូង(Pradorn Sureephong) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យឈៀងម៉ៃ(Chiang Mai university) បានមានប្រសាសន៍ថា ការអភិវឌ្ឍបច្ចេកវិទ្យាវៃឆ្លាតនេះ គឺធ្វើឡើងដោយមានការគាំទ្រ ពីគម្រោងមេគង្គ-ឡាងឆាង និងសហឧបត្ថម្ភដោយ ក្រុមហ៊ុនCAS-Cogniser។ ក្នុងតំណាក់កាលដំបូង យើងបានសាកល្បងបំពាក់បច្ចេកវិទ្យានេះនៅរោងមា៉ស៊ីនកិនស្រូវដើម្បីបង្កើនចង្វាក់ផលិតកម្ម ក៏ដូចជាបញ្ជៀសហានិភ័យ និង គ្រប់គ្រងសុវត្ថិភាពនៅក្នុងរោងចក្រ។ លោកសាស្ត្រចារ្យបានលើកឡើងថានឹងបន្តការសិក្សាស្រាវជ្រាវបច្ចេកវិទ្យានេះលើវិស័យផ្សេងៗ ដូចជាវិស័យសំណង់ វិស័យធនាគារ ជាដើម។
លើសពីនេះទៅទៀត លោកបណ្ឌិត សេង ទូច ប្រធាននាយកដ្ឋានគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៏ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ក៏បានចែករំលែកការស្រាវជ្រាវ ករណីសិក្សា ការអភិវឌ្ឍទីក្រុងវៃឆ្លាតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។