ភ្នំពេញ៖ យូនីសេហ្វ សហការជាមួយបុណ្យភូមិមានជើង ដើម្បីអបអរសាទរទិវាកុមារពិភពលោក២០២៣ នៅខេត្តក្រចេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ - ១៩ ខែវិច្ឆិកា ខាងមុខនេះ។ នៅក្នុងទិវានេះ មានសកម្មភាពកំសាន្ដជាច្រើនដែលដឹកនាំដោយយុវជន។
ដើម្បីអបអរសាទរទិវាកុមារពិភពលោក២០២៣ យូនីសេហ្វ សហការជាមួយបុណ្យភូមិមានជើង រៀបចំទិវានេះនៅខេត្តក្រចេះ។ នៅក្នុងទិវានេះ យូនីសេហ្វ នឹងរៀបចំសកម្មភាពសប្បាយៗ និងការលេងហ្គេមកំសាន្ត ក៏ដូជាស្វែងយល់ពីចំណេះដឹងច្នៃបង្កើត។ ជាពិសេស ការដាំដើមឈើជាមួយឡេឡេស្ម័គ្រចិត្ត និងដំណើរកំសាន្តទៅតំបន់អេកូទេសចរណ៍ដោយឡេឡេមគ្គុទេស ក៏ដូចជាភ្លក់ម្ហូបខ្មែរប្រចាំតំបន់ តន្ត្រី សិល្បៈ និងការសម្តែងនានា។
សូមបញ្ជាក់ថា ទិវាកុមារពិភពលោក គឺជាទិវាធ្វើសកម្មភាពប្រចាំឆ្នាំរបស់យូនីសេហ្វ ដើម្បីកុមារ និងដោយកុមារ។ នៅឆ្នាំនេះ ជីវិតកុមារជាច្រើនកំពុងទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតសកល ដែលមិនធ្លាប់មានពីមុនមក។ កុមារខកខានទៅសាលារៀន មិនបានទទួលសេវាសុខភាព គ្មានម្ហូបអាហារគ្រប់គ្រាន់ និងរងគ្រោះខ្លាំងជាងមុនពីអំពើរំលោភបំពាន៕