ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នាថ្ងៃទី៧ វិច្ឆិកា នឹងរៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ចំនួន ៩០២នាក់ ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។
ទណ្ឌិត ចំនួន ៩០២នាក់ នឹងត្រូវវាយតម្លៃបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ។ គណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត (ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង០៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៩០២នាក់ (ស្រី ៦១នាក់)។
ពិធីបុណ្យឯករាជ្យជាតិ បញ្ជីទណ្ឌិតចំនួន ៤៦៤នាក់ (ស្រី ៣៤នាក់) ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៣២ នាក់ (ស្រី ២៩នាក់) និងស្នើសុំលើកលែងទោស ចំនួន ៣២នាក់ (ស្រី ០៥នាក់)។ ពិធីបុណ្យអុំទូក បញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ (ស្រី ២៧ នាក់) ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨នាក់ (ស្រី ២៦នាក់) និងស្នើសុំលើកលែងទោស ចំនួន ២០នាក់ (ស្រី ០១នាក់)៕