សៀមរាប៖ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ចាប់ផ្តើមធ្វើដំណើរចូលប្រាសាទអង្គរវត្ត តាមស្ពានហាលខាងលិចឡើងវិញ បន្ទាប់ពីស្ពាននេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានបង្ហាញនូវក្តីរីករាយ និងនឹករលឹកជាខ្លាំងបន្ទាប់ពីបានប្រើប្រាស់ឡើងវិញ នូវស្ពានហាលខាងលិច បន្ទាប់ពីខកខានអស់រយៈពេល៧ឆ្នាំ ដើម្បីធ្វើការជួសជុល។
សូមរម្លឹកថា ថ្លែងក្នុងព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការប្រារព្ធព្រះរាជពិធីសម្ពោធនេះ គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២។
ព្រះករុណាទ្រង់ថ្លែងនូវព្រះរាជសុន្ទរកថាយ៉ាងដូច្នេះថា «ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្តតម្លៃជាសាកលពិតប្រាកដ»៕