ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ៦ វិច្ឆិកានេះ បានស្នើសុំដល់អាជ្ញាធរមូលដ្ឋានត្រូវប្រើប្រាស់ថវិកាជាតិឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើជូនដល់ប្រជាពលរដ្ឋបានល្អ។ការស្នើនេះធ្វើឡើងក្នុងពេលសម្តេច អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ” ។
សម្តេច ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំយកថវិកាទៅអភិវឌ្ឍសួនច្បារឱ្យធំជាងគេ ប៉ុន្ដែបែរជាមិនទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋធ្វើដំណើរ។ ដូច្នេះរដ្ឋបាលរាជធានី ខេត្តត្រូវម្ចាស់ការលើការអនុវត្តការងារនេះឱ្យបានល្អ។
ជាមួយគ្នានោះ បានស្នើដល់គ្រប់មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងសមត្ថភាព និងតួនាទីរបស់ ខ្លួន កែសម្រួលនីតិវិធីផ្ដល់សេវាកាន់តែប្រសើរជូនពលរដ្ឋ, ពង្រឹងត្រួតពិនិត្យតាមដានលើការអនុវត្តគម្រោងសេវាសង្គម និង គម្រោងអភិវឌ្ឍន៍នានា។សម្រាប់សម្តេច ហ៊ុន ម៉ាណែត ការពង្រឹងមន្រ្តី និងសមត្ថភាពដល់ថ្នាក់ក្រោមជាតិ គឺជាកត្តាចាំបាច់បំផុត ខណៈរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ហើយដែលជាអ្នកបម្រើសេវាសាធារណៈដល់ពលរដ្ឋជាប្រចាំ។
ទាក់ទងនឹងបញ្ហាសន្តិសុខវិញ សម្តេចបានជំរុញឱ្យការពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពដ៏ដទៃទៀត ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញសម្រាប់ក្របខណ្ឌមន្រ្ដីរាជការ ក្នុងការអនុវត្ត ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ៕