ក្រចេះ៖ ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាល អាយុប្រមាណពីរថ្ងៃ ហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យចំនួន ៦ក្បាល ក្នុងអន្លង់កាំពី ខេត្តក្រចេះ កាលពីថ្ងៃទី៤ វិច្ឆិកា ម្សិលមិញនេះ។
កូនផ្សោតកើតថ្មី១ក្បាល អាយុប្រមាណពីរថ្ងៃ ត្រូវបានក្រុមការងារស្រាវជ្រាវនិងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យចំនួន ៦ក្បាល នៅអន្លង់កាំពី។ ក្រុមការងារ ក៏បានអង្កេតបន្តពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយនោះ គឺឃើញថាគ្មានការយាយីពីសត្វផ្សោតធំលើកូនផ្សោតឡើយ។
សូមបញ្ជាក់ថា កូនផ្សោតថ្មីនេះគឺជាកូនផ្សោតទី ៨ ហើយដែលត្រូវកត់ក្នុងអត្រាកំណើតឆ្នាំ២០២៣ ចាប់ពីខែមករា រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា៕