681 ezgif.com resize
Moneygramott moi1280x163px

បុគ្គលិកសុខាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាឱកាសចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំឱ្យបុគ្គលិកសុខាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ពេលវេលា។ អនុសាសន៍នេះត្រូវបានលើកឡើងនាឱកាសឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនេះ ឯកឧត្តម ឈាង រ៉ា បានជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងបានលើកឡើងពីគន្លឹះមួយចំនួនសម្រាប់និរន្តរភាពនៃការអភិវឌ្ឍន៍ខ្លួនក្នុងការបម្រើវិស័យសុខាភិបាល ដែលក្នុងនោះ មន្រ្តីសុខាភិបាលគ្រប់រូបត្រូវបន្តខិតខំរក្សាចំណេះដឹង សមត្ថភាពជំនាញ តាមរយៈការចងក្រងជាក្រុមពហុឯកទេស ដើម្បីយកគ្រប់ករណីជំងឺស្មុគ្រស្មាញយកមកដោះស្រាយរួមគ្នា គ្រប់អង្គភាពសុខាភិបាលទាំងកម្រិតខេត្ត ស្រុក និងពិសេសកម្រិតមណ្ឌលសុខភាព។ ការចេះរៀបចំផែនការបណ្តុះបណ្តាលបន្តតាមជំនាញក្នុងអង្គភាពខ្លួន និងឆ្លុះបញ្ចាំងជាមួយអង្គភាពផ្សេងៗ ដែលជាសហភាតរ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរកដំណោះស្រាយ លើបញ្ហាផ្សេងៗ, ការរៀបចំផែនការត្រៀមទុកជាមុន បន្តលើកកម្ពស់អភិវឌ្ឍន៍ទាំងធនធានមនុស្ស ទាំងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងការបន្តខិតខំស្វែងរកដែគូរអភិវឌ្ឍន៍ផ្សេងៗ រួមទាំងវិស័យឯកជន ដោយពាំនាំការចូលរួមពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងអង្គភាពសុខាភិបាលរបស់ខ្លួន។

ទន្ទឹមនឹងនេះ ឯកឧត្តមនិងក្រុមប្រតិភូក្រសួងសុខាភិបាល ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល​ ពេលវេលាយប់ ជួបមន្ត្រីមណ្ឌលយាមប្រចាំការ (ជាឧទារហរណ៍ មណ្ឌលសុខភាពដូនកែន មណ្ឌលសុខភាពចុងកាល់) ដោយបានណែនាំឱ្យបុគ្គលិកសុខាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ពេលវេលា។

ជាចុងក្រោយ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ដើម្បីការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕


Khcct banner

អត្ថបទទាក់ទង