ព្រះវិហារ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះការផ្តល់សេវាសុខាភិបាលក្នុងខេត្តព្រះវិហារជូនប្រជាពលរដ្ឋនៅក្នុងតំបន់។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងនាឱកាសដែលឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល តាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក នៃខេត្តព្រះវិហារ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសនេះ ឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលនៃខេត្តព្រះវិហារ ដែលខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ជាអនុសាសន៍ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះ ៩ ចំណុច និងអាទិភាព ៣ចំណុច ដែលក្រសួងសុខាភិបាល បានដាក់ចេញក្នុងការ ពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈបន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រ រួមទាំងចូលរួមឱ្យបានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលក្រសួងបានរៀបចំរៀងរាល់សប្តាហ៍ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាល សម្រាប់ថ្នាក់រាជធានី-ខេត្ត។
ជាចុងក្រោយ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្តព្រះវិហារ ព្រមទាំងណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ដើម្បីការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕