សៀមរាប៖ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរប្រទេសជប៉ុនចំពោះកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការស្រាវជ្រាវ និងជួសជុល“ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”ឱ្យមានភាពរឹងមាំឡើងវិញ ដើម្បីថែរក្សាទុកជាកេរដំណែលជារៀងរហូត និងដ៏មានតម្លៃរបស់វប្បធម៌ខ្មែរនាសម័យមហានគរដ៏រុងរឿង។
នេះបើយោងតាមព្រះរាជសុន្ទរកថាព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសនេះ ព្រះមហាក្សត្រនៃកម្ពុជា បានថ្លែងថា ការប្រារព្ធ«ព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត» នៅចំពីមុខប្រាសាទអង្គរវត្ត គឺជាព្រឹត្តការណ៍ប្រវត្តិសាស្រ្ត មានតម្លៃជាសាកលពិតប្រាកដ។
ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្រ្តម្តងទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះរវាងកម្ពុជា និងជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៩៣។ កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាពេលកន្លងមក ពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន។
សូមជម្រាបថា «ស្ពានហាលមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕