ភ្នំពេញ៖ ក្រសួងអប់រំ ជ្រើសរើសនិស្សិតនារីក្រីក្រ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ចំនួន១២០នាក់ ឱ្យស្នាក់នៅមជ្ឈមណ្ឌលអន្តវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៣-២០២៤។ កាលបរិច្ឆេទនៃការដាក់ពាក្យ នឹងផុតកំណត់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងអប់រំ ជ្រើសរើសនិស្សិតនារីក្រីក្រអាហារូបករណ៍ និងបង់ថ្លៃសិក្សា ដែលមកបន្តការសិក្សា នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនៅភ្នំពេញ ឱ្យមកស្នាក់នៅបណ្ដោះអាសន្នក្នុងមជ្ឈមណ្ឌល អន្តេវាសិកនិស្សិតនារី សរុបចំនួន ១២០នាក់ ដើម្បីចូលរួមលើកកម្ពស់ស្ថានភាពសិក្សារបស់និស្សិតនារី នៅ កម្រិតឧត្តមសិក្សា។
និស្សិតដែលមានបំណងដាក់ពាក្យ ជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃសិក្សា ដែលកំពុងសិក្សាឆ្នាំទី១ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ និងនិស្សិតនារីមានពិការភាពមកពីបណ្តាខេត្តនានា (សូមភ្ជាប់លិខិតបញ្ជាក់ពីមេភូមិ មេឃុំ) ជានិស្សិតនារីនៅលីវ មានវិន័យ និងសីលធម៌ល្អ។
ការប្រកាសលទ្ធផល នឹងត្រូវបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងតាមគេហទំព័រផ្លូវការរបស់ក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើស នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ ចំពោះព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៦៧៥ ៥៩០៕