Cc times  web banner kh

«គំនូរបុរាណ»ប្រមាណ១៥៧ផ្ទាំងនៅព្រះវិហារវត្តរាជបូណ៌ ត្រូវបានជួសជុលឡើងវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ គំនូរបុរាណ ដែលមានអាយុរាប់រយឆ្នាំ ប្រមាណ១៥៧ផ្ទាំង នៅក្នុងព្រះវិហារនៃវត្តរាជបូណ៌ ក្នុងទីរួមខេត្តសៀមរាប ត្រូវបានបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុល នាថ្ងៃទី០៣ វិច្ឆិកា នេះ។ ការជួសជុលគំនូរបុរាណ នេះទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលឥណ្ឌា។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ ដែលមានអាយុរាប់រយឆ្នាំ នៅក្នុងព្រះវិហារនៃវត្តរាជបូណ៌ ក្នុងទីរួមខេត្តសៀមរាប។ ព្រះវិហាររបស់វត្តរាជបូណ៌ បានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៨នៃគ្រីស្ដសករាជ ដែលស្ថាបត្យកម្ម និងការតុបតែងនៅក្នុងទីវត្តនេះ គឺធ្វើតាមរចនាបថខ្មែរសុទ្ធសាធ ដែលបង្ហាញឱ្យឃើញពីស្នាដៃការច្នៃប្រឌិត និងមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប។

នៅលើជញ្ជាំងនៃវត្តរាជបូណ៌មានគំនូរបុរាណចំនួនប្រមាណ១៥៧ផ្ទាំង ដែលបង្ហាញពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធ រឿងរាមាយណៈ(រាមកេរ្តិ៍) មានបង្ហាញពីឋាននរក និងឋានសួគ៌ ព្រមទាំងជីវិតប្រចាំថ្ងៃរបស់មនុស្សដែរ។ បច្ចុប្បន្ន ស្ថានភាពរបស់ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការប្រឈមពុកផុយដែលទាមទារឱ្យមានការជួសជុល និងអភិរក្សឡើងវិញជាបន្ទាន់។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា មានប្រសាសន៍ទៀតថា រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីអភិរក្សគំនូរបុរាណនៅក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះតាំងតែពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្លេះ។

លោកស្រី ដេវីយ៉ានី ខូប្រាកេឌី ឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌា មានប្រសាសន៍ថា ការគាំទ្រលើគម្រោងអភិរក្ស និងជួសជុលគំនូរបុរាណក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះ គឺឥណ្ឌាមានគោលបំណងស្តារឡើងវិញ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ ការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ការគោរព និងការដឹងគុណចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង