ម៉ុងហ្គោលី៖ ការធ្លាក់ព្រិលយ៉ាងខ្លាំង បានបណ្តាលឱ្យមានការរំខានដល់ការធ្វើចរាចរណ៍ក្នុងតំបន់ម៉ុងហ្គោលី និងបានជំរុញឱ្យមានវិធានយ៉ាងតឹងរឹងជាបន្ទាន់ នៅក្នុងតំបន់ជាច្រើនក្នុងខេត្ត Heilongjiang ភាគឦសាននៃប្រទេសចិន និងតំបន់ស្វយ័តម៉ុងហ្គោលីភាគខាងជើងប្រទេសចិនព្រិលបានបន្តធ្លាក់ជាប់គ្នាដែលបង្កឲ្យអាកាសធាតុប្រែប្រួលត្រជាក់ខ្លាំងខុសពីធម្មតា។ ការិយាល័យឧតុនិយមខេត្ត Heilongjiang បាននិយាយថា ព្រិល និងសីតុណ្ហភាពត្រជាក់បានប៉ះពាល់ដល់តំបន់ជាច្រើន។ ព្រិលបានចាប់ផ្តើមធ្លាក់ក្នុងទីក្រុង Heihe កាលពីថ្ងៃពុធ ដោយអាជ្ញាធរបានដាក់ការគ្រប់គ្រងចរាចរណ៍ជាបណ្តោះអាសន្ននៅលើដងផ្លូវ និងផ្អាកសេវាកម្មដឹកជញ្ជូនអ្នកដំណើរផងដែរ។
មន្ត្រីប៉ូលិសជាង ៤០០នាក់ ត្រូវបានដាក់ពង្រាយនៅទីក្រុង Heihe ដើម្បីរក្សាចរាចរណ៍ឱ្យរលូននៅលើផ្លូវសំខាន់ៗ ខណៈដែលខ្យល់ព្យុះបានបោកបក់ពាសពេញតំបន់ Keshan (កេះហាន) ក្នុងទីក្រុង Qiqihar (ឈីឈីហា) ជាមួយនឹងព្រិលជាងមួយសង់ទីម៉ែត្រ និងការធ្លាក់ចុះយ៉ាងគំហុកនៃសីតុណ្ហភាពខ្យល់ដែលបានធ្លាក់ចុះពី ៨ ទៅ ១០ អង្សាសេ។ ទីក្រុង Hulun Buir ក្នុងតំបន់ម៉ុងហ្គោលី ក៏បានរងនូវការធ្លាក់ព្រិល ដែលចាប់ផ្តើមកាលពីថ្ងៃពុធ ដោយតំបន់មួយចំនួនត្រូវបានវាយប្រហារដោយព្យុះទឹកកក។ នៅក្នុងទីក្រុង Arun Banner សេវាកម្មរថយន្តក្រុងដឹកអ្នកដំណើរទាំងអស់ត្រូវបានផ្អាក ហើយផ្លូវល្បឿនលឿនត្រូវបានបិទជាបណ្តោះអាសន្នដោយសារតែព្រិលធ្លាក់ខ្លាំង។ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរមូលដ្ឋានបានបញ្ជូនមន្រ្តីជំនាញជាមួយរថយន្តកាយទឹកកកដើម្បីសម្រួលចរាចរណ៍ក្នុងតំបន់៕