Cc times  web banner kh

កម្ពុជា-ចិន ត្រៀមប្រារព្ធ"ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន"នៅឆ្នាំ២០២៤ សំដៅទាក់ទាញទេសចរចិនមកកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា-ចិន ឯកភាពផ្តួចផ្តើមឱ្យមានសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន” ដែលគ្រោងធ្វើនៅឆ្នាំ ២០២៤ សំដៅទាក់ទាញទេសចរចិនមកទស្សនាកម្ពុជាបន្ថែមទៀត។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ក្នុងជំនួបពិភាក្សារវាង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាន វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ ព្រមទាំងបានសម្តែងនូវសុទិដ្ឋិនិយមរួមគ្នាថា ភាពជាដៃគូជិតស្និទ្ធនេះនឹងកាន់តែរីកចម្រើនលូតលាស់បន្ថែមទៀត។

ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេក្នុងការអនុវត្តកិច្ចព្រមព្រៀង និងកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពជាមួយគ្នានាពេលកន្លងមក រួមមាន (១) ការដាក់ចេញនូវ"កិច្ចសហប្រតិបត្តិការត្បូងពេជ្រ" និង (២) ការបង្កើត"ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា" និង"ច្រករបៀងមច្ឆា និងអង្ករ” ដែលសម្តេច ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៣។

ជាមួយគ្នានោះ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តនូវជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេច ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំចិន ជាពិសេសជំនួបជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង និង លោកនាយករដ្ឋមន្ត្រី លី ឈាង ក្នុងឱកាសទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសចិន។ 

លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត បានឯកភាពផ្តួចផ្តើមឱ្យមានសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន” ដែលគ្រោងធ្វើនៅឆ្នាំ ២០២៤ សំដៅទាក់ទាញទេសចរចិនមកទស្សនាកម្ពុជាបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង