ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងសហការជាមួយក្រុមហ៊ុនកង់ XDS រួមគ្នាបង្កើតកម្មវិធីជិះកង់ក្នុងតំបន់អង្គរ នៅឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបង្ហាញអំពីកិត្យានុភាពនៃវប្បធម៌-អរិយធម៌ខ្មែរ ផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជាឱ្យដល់អតិថិជនរបស់ក្រុមហ៊ុនXDSនៅទូទាំងពិភពលោក ព្រមទាំងរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងដើម្បីបង្ហាញថាកម្ពុជាមានក្រុមហ៊ុនវិនិយោគរោងចក្រដំឡើងកង់ខ្នាតធំលំដាប់អន្តរជាតិផងដែរ។
បើតាមលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការបង្កើតកម្មវិធីជិះកង់ក្នុងតំបន់អង្គរ ឆ្នាំ២០២៤ នឹងផ្សព្វផ្សាយដល់តិថិជនរបស់ក្រុមហ៊ុនXDSនៅទូទាំងពិភពលោកឲ្យមកជិះកង់នៅតំបន់អង្គរ ទី២ដើម្បីបង្ហាញថាកម្ពុជាមានក្រុមហ៊ុនវិនិយោគរោងចក្រដំឡើងកង់ខ្នាតធំលំដាប់អន្តរជាតិ និងទី៣ កម្មវិធីនេះនឹងធ្វើការរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។