ប៉េកាំង៖ ប្រទេសចិនបានគូសបញ្ចាក់នៅថ្ងៃព្រហស្បតិ៍ ០២ វិច្ឆិកានេះថា កងទ័ពរបស់ខ្លួន "ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច" បន្ទាប់ពីនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក និងកាណាដាបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាការឆ្លងកាត់រួមគ្នាលើកទីពីររបស់កាណាដា និងអាម៉េរិកក្នុងរយៈពេលពីរខែ។ កងទ័ពជើងទឹកអាម៉េរិកបានអះអាងថា នាវា USS Rafael Peralta ដែលជានាវាពិឃាត Arleigh Burke-class និងនាវាចម្បាំង Halifax-class HMCS Ottawa បានធ្វើការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីម្សិលមិញនេះ។
លោកវរសេនីយ៍ឯក Shi Yi អ្នកនាំពាក្យនៃបញ្ជាការកងទ័ពភាគខាងកើតរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "កងទ័ពចិននៅតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសន្តិសុខជាតិ ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់"។ លោក Shi បានរិះគន់ការឆ្លងកាត់ចុងក្រោយរបស់អាម៉េរិកនេះថាជាមានចេតនាបង្កបញ្ហាសន្តិសុខក្នុងតំបន់ ហើយកងកម្លាំងជើងទឹក និងអាកាសរបស់ចិនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពរបស់សហរដ្ឋអាម៉េរិក ។
សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានបង្កើនការឆ្លងកាត់ "សេរីភាពនៃការធ្វើនាវាចរណ៍" ដោយនាវាកងទ័ពជើងទឹកអាម៉េរិកតែងតែបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងដែលជាការបង្កផ្លែផ្កាមួយចំនួនក្នុងតំបន់ជម្លោះ៕