កូរ៉េខាងត្បូង៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង នៅថ្ងៃទី០១ វិច្ឆិកា បានឲ្យដឹងថាប្រទេសកូរ៉េខាងជើងកំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយ ក្នុងការត្រៀមរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្ម ជាលើកទីបីរបស់ខ្លួនឲ្យទទួលបានជោគជ័យ។
ប្រទេសកូរ៉េខាងជើង បានធ្វើការប៉ុនប៉ងចំនួនពីរលើកក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដំបូងរបស់ខ្លួននៅឆ្នាំនេះ ដែលបានបញ្ចប់ដោយការបរាជ័យ ខណៈដែលដំណាក់កាលនៃការបាញ់បង្ហោះផ្កាយរណបនេះបានជួបប្រទះនឹងបញ្ហាខុសប្រក្រតី។ ការបាញ់បង្ហោះនេះ គឺជាផ្នែកមួយនៃការជំរុញរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដែលរួមមានមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ នាវាមុជទឹក និងមីស៊ីលលឿនជាងសំឡេង។
កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាម៉េរិក បានថ្កោលទោសការផ្គត់ផ្គង់សព្វាវុធ និងបរិក្ខារយោធារបស់កូរ៉េខាងជើង ដល់រុស្សី ដោយដាក់ចេញនូវវិធានការការពារជាច្រើនជុំវិញនៃការគំរាមគំហែងរបស់កូរ៉េខាងជើងមកលើប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ទីភ្នាក់ងារចារកម្មបាននិយាយថា កូរ៉េខាងជើងបានបញ្ជូនគណៈប្រតិភូដែលភាគច្រើនមានអ្នកជំនាញខាងកាំភ្លើងធំទៅកាន់ប្រទេសរុស្សីនៅពាក់កណ្តាលខែតុលា។ កូរ៉េខាងជើងបានបញ្ជូនអាវុធជាង ១០ កុងតឺនឺទៅកាន់ប្រទេសរុស្សីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន រួមទាំងកាំភ្លើងធំជាង ១លានគ្រាប់ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែនក្នុងរយៈពេលពីរខែ៕