Cc times  web banner kh

ឥណ្ឌាសន្យាពង្រឹងនិងគាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ឥណ្ឌា បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលកម្ពុជា ខណ:កន្លងមកឥណ្ឌាតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព និងគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់។ ការសន្យានេះ ត្រូវបានធ្វេីឡេីងក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តម ឈាង រ៉ា បានសំដែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព និងគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់។

លោកជំទាវឯកអគ្គរាជទូត ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ រួមមានការអភិវឌ្ឍធនធានមនុស្សសុខាភិបាល លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការវិនិយោគនានា ដែលមានគុណភាព ស្របតាមតម្រូវការសុខភាពនៅកម្ពុជា។

គួរបញ្ជាក់ថា សាធារណរដ្ឋឥណ្ឌា ជាប្រទេសមួយក្នុងចំនោមប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីខែមេសា ឆ្នាំ២០២២ ។ ប្រទេសឥណ្ឌា បានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៣២៥, ០០០ ដូស ក្រោមគំនិតផ្តួចផ្តើម Quad Vaccine តបតាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិមុន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង