កាណាដា៖ លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកម្មវិធីសប្ដាហ៍ពិភពលោកលើកទី៣ ស្ដីពី ហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ (3ème édition de la Semaine mondiale de la Francophonie scientifique) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងគេបិច (Québec) ប្រទេសកាណាដា។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមការសហការរវាងទីភ្នាក់ងារសកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (AUF) និងរដ្ឋាភិបាលនៃទីក្រុងគេបិច ដែលមានការចូលរួមពីសំណាក់ លោក Sorin Mihai Cîmpeanu ប្រធានទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (Président de l’AUF) លោក Slim KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារសកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (Recteur de l'AUF) រដ្ឋមន្ត្រីអប់រំឧត្តមសិក្សា និងការស្រាវជ្រាវនៃប្រទេសនិយាយភាសាបារាំង និងប្រតិភូអមផងដែរ។
កម្មវិធីសប្ដាហ៍ពិភពលោកលើកទី៣ ស្ដីពី ហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រនេះ ផ្ដោតលើព្រឹត្តិការណ៍សំខាន់ៗ ចំនួន ៣ ដូចជា សន្និសីទលើកទី២ របស់យុវនិស្សិតនិយាយភាសាបារាំង ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ តុលា, សន្និសីទអន្តរជាតិលើកទី៣ ស្ដីពីហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ ប្រព្រឹត្តទៅនៅថ្ងៃទី០១ វិច្ឆិកា, និង សន្និសីទលើកទី៧ ថ្នាក់រដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។