ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួងធ្វើការរួមគ្នាក្នុងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍ដល់ពលរដ្ឋកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោក ហ្រ្វង់ស័រ ស្មូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល នៅទីស្តីការក្រសួងការងារ នាថ្ងៃទី៣១ តុលា ម្សិលមិញនេះ។
សម្រាប់លោក ហេង សួរ កិច្ចសហការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍នេះ នឹងជួយឱ្យពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀតមានជំនាញជាក់លាក់ប្រកបដោយប្រសិទ្ធភាព ខណៈដែលកម្ពុជាមានតម្រូវការកម្លាំងជំនាញនេះជាច្រើនបន្ថែមទៀតក្នុងទីផ្សារ។ ក្នុងជំនួបនោះ លោកនាយកសាលាសណ្ឋាគារ និងទេសចរណ៍ បានបង្ហាញពី វឌ្ឍនភាពចំពោះការបណ្តុះបណ្តាលពលរដ្ឋកម្ពុជាមកពីគ្រប់កន្លែង ជាពិសេសជនមានពិការភាពឱ្យមានជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចជាក់លាក់ និងទទួលបានឱកាសការងារ ដែលទីផ្សារបានទទួលស្គាល់។
លោក ហេង សួរ រំពឹងថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួង នឹងសហការគ្នាដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារដល់ពលរដ្ឋកម្ពុជា ស្របទៅតាមទស្សនៈវិស័យរបស់ក្រសួងដែលផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលរដ្ឋដើម្បីមានជីវភាពកាន់តែប្រសើរ និងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិ៕