រុស្សី៖ រុស្សី និងអ៊ុយក្រែននាថ្ងៃទី១ វិច្ឆិការនេះបានចេញរបាយការណ៍អំពី កងកម្លាំងរបស់ខ្លួនបានបន្តប្រតិបត្តិការយោធារៀងៗខ្លួនក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយកងកម្លាំងយោធាទាំងពីរមានការវាយលុកលើគោលដៅយោធា និងប៉ុស្តិ៍បញ្ជាការរៀងៗខ្លួនជាច្រើនទីតាំង។ ក្រសួងការពារជាតិរុស្សីបានចេញផ្សាយរបាយការណ៍ដែលរៀបរាប់លម្អិតអំពីការប្រយុទ្ធគ្នារវាងយោធារុស្សី និងកងកម្លាំងអ៊ុយក្រែនក្នុងទិសដៅជាច្រើន រួមមានតំបន់ Kupyansk និង Donetsk នៅភាគខាងកើតអ៊ុយក្រែន និង Zaporizhzhia នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។
នៅតំបន់ Zaporizhzhia កងកម្លាំងអ៊ុយក្រែនបានបាត់បង់រថក្រោះចំនួនពីរ រួមទាំងរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់មួយផងដែរ។ លើសពីនេះ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៣៩គ្រឿង ត្រូវបានបាញ់ទម្លាក់ចោលដោយកងកម្លាំងរុស្សី នេះបើយោងតាមរបាយការណ៍។កងកម្លាំងរុស្ស៊ីក៏បានបំផ្លាញឃ្លាំងរំសេវរបស់អ៊ុយក្រែន និងបានវាយប្រហារប៉ុស្តិ៍បញ្ជាការនៃកងពលតូចអ៊ុយក្រែនចំនួនបួនផងដែរ។
ចំណែកអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានផ្តល់ព័ត៌មានថ្មីៗនៅថ្ងៃនោះផងដែរ ដោយបង្ហាញថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមក មានសមរភូមិចំនួន ៣០ នៅតំបន់ជួរមុខ។ កងកម្លាំងអ៊ុយក្រែនបានវាយបកប្រឆាំងនឹងការវាយលុករបស់យោធារុស្សIនៅតំបន់ Avdiivka និង Marinka នៅភាគខាងកើតអ៊ុយក្រែន និងទិសដៅផ្សេងទៀត។ កងទ័ពអាកាសអ៊ុយក្រែន កាំភ្លើងធំ និងអង្គភាពកាំភ្លើងធំបានធ្វើការវាយប្រហារតាមគោលដៅលើកងទ័ពរុស្សី សម្ភារៈបរិក្ខារមីស៊ីល និងប្រព័ន្ធការពារដែនអាកាស ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញនៃបំណែកកាំភ្លើងធំចំនួន ៩ និងគោលដៅសំខាន់ៗចំនួន ៦៕