ភ្នំពេញ៖ មន្ទីរសាធារណការរាជធានីភ្នំពេញ បានប្រកាសថា គិតត្រឹមថ្ងៃទី៣០ខែតុលាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក សម្រេចបាន ៩៩% នៃគម្រោង។ ស្ថានីយ៍នេះ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុង១ថ្ងៃ។
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនេះ ធ្វើឡើងលើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture)។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង បាន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង។
នៅគម្រោងនេះ មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ ដែលមានទទឹងផ្លួវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១,៦៩០ម៉ែត្រ ក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថី អ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង។ ផ្លូវនេះ នឹងជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ទំហំមុខកាត់ ០.៣ ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក៕