Cctimesw1140xh150cm copy

ទោះរៀនមិនចប់បាក់ឌុប តែយុវជន វ៉ាត វ៉ាន់ កំពុងជោគជ័យលើវិថីសិល្បៈ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជន វ៉ាត វ៉ាន់ ជាអ្នករាំ ច្រៀង និងផាត់មុខដ៏ជំនាញ ដែលសាធារណជនភាគច្រើនស្គាល់លោកតាមរយៈសិល្បៈគូរមុខ ពិសេសនៅពេលដែលលោកបានគូររូបប្រាសាទបាយ័ន ដែលនៅពេលនោះលោកទទួលបានការរិះគន់ជាច្រើន និងបានផ្អាកការគូរមុខមួយរយៈ ប៉ុន្ដែក្រោយមកលោកបានត្រឡប់មកវិញជាមួយការគូរមុខ រូបហនុមាន ដែលធ្វើឱ្យសាធារណៈជនចាប់ផ្ដើមស្គាល់លោកកាន់តែច្រើនឡើង។ ប៉ុន្ដែទោះបីជាយ៉ាងណាក្ដី ជំនាញសិល្បៈដែលលោកមាននេះ លោកមិនបានចូលនៅសាលាណាឡើយ ពិសេសនោះ លោកថែមទាំងមិនបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ថែមទៀតផង។

លោក វ៉ាត វ៉ាន់ បានប្រាប់ស៊ីស៊ីថាមស៍ថា លោកមិនបានរៀនចប់ថ្នាក់ទី១២ នោះទេ ដោយសារមានបញ្ហានៅក្នុងគ្រួសារ ក៏ដូចជាបញ្ហាផ្ទាល់ខ្លួន។ នៅពេលនោះ ប្រសិនបើលោកមានឱកាសរៀនចប់ និងបន្ដការសិក្សានៅមហាវិទ្យាល័យ លោកនឹងរៀនជំនាញគ្រប់គ្រង។ មុនពេលដែលលោកសម្រេចចិត្តបោះបង់ការសិក្សា លោកមានការងារសមរម្យមួយ ដែលលោករៀនបណ្ដើរ ធ្វើការបណ្ដើរ ហើយលោកគិតថាការងារនេះមានចំណូលគ្រប់គ្រាន់ ហើយវាក៏ជាការងារដែលលោកស្រឡាញ់ ដូច្នេះលោកគិតថានៅពេលដែលឈប់រៀន ក៏មិនជាមានបញ្ហាអ្វីច្រើនដែរ។

យុវជនរូបនេះបានបន្ដថា នៅពេលដែលបានឈប់រៀន ការងារដំបូងដែលលោកធ្វើ គឺជាអ្នករត់តុ នៅក្នុង Pub មួយកន្លែង។ បន្ទាប់មកក៏បន្ដការងារជាអ្នករត់តុដដែល នៅហាងអាហារជប៉ុន។ លោកធ្វើការនៅទីនេះបានមួយខែ ក៏បានតួនាទីជា Supervisor។ នៅពេលនោះ លោកគិតថា អាចមកពីលោកចេះភាសាអង់គ្លេស និងការទុកចិត្តរបស់គេលើខ្លួន ទើបលោកទទួលបានមុខដំណែងនេះ។ ជាមួយគ្នានោះលោកគិតថា នៅពេលដែលចេះភាសាអង់គ្លេស អ្វីដែលអត់ធ្លាប់ធ្វើសោះ ក៏យើងអាចធ្វើបានដែរ។

យុវជនមានដើមកំណើតជាអ្នកព្រៃវែងរូបនេះ បានឱ្យដឹងទៀតថា បន្ទាប់ពីចេញពីការងារនោះ លោកធ្វើជាអ្នករាំឯករាជ្យ លោកទទួលរាំជាបំបែកក្បាច់ និងរាំជា Background របស់តារាមួយចំនួន នៅតាមផលិតកម្មផ្សេងៗ។ រហូតដល់ឆ្នាំ២០១៩ ទើបលោកប្រឡូកនៅក្នុងវិស័យចម្រៀង ដោយចាប់ផ្ដើមនៅក្នុងកម្មវិធីប្រកួត X Factor Cambodia រដូវកាលទី១។ ដូច្នេះចាប់ពីពេលនោះមក លោកបានចូលក្នុងវិស័យសិល្បៈពេញលេញតែម្ដង។ បន្ទាប់ពីបានប្រឡងចម្រៀងរួច លោកក៏បានចាប់ផ្ដើមការផាត់មុខ ក៏ដូចជាសិល្បៈគូសមុខ។

លោក វ៉ាត វ៉ាន់ បានបន្ដទៀតថា នៅពេលចាប់ផ្ដើមសិល្បៈគូរមុខ លោកទទួលបានការរិះគន់ ជាច្រើននៅលើបណ្ដាញសង្គម ដែលនៅពេលនោះលោកបានគូសប្រាសាទបាយ័ន។ បន្ទាប់មកលោកបានសម្រាកពីការគូរមុខប្រមាណជា៥ខែ ទើបចាប់ផ្ដើមធ្វើវាម្ដងទៀត។ លោកបានត្រឡប់មកវិញ ជាមួយ រូបហនុមាន ដែលការគូរមុខនេះ បានធ្វើឱ្យសារធារណជនកាន់តែស្គាល់លោកកាន់តែច្រើន ក្នុងនាមជាសិល្បៈករគូរមុខ និងទទួលបានការគាំទ្រ ជាងការរិះគន់។ ហើយការត្រឡប់មកពេលនោះ បានធ្វើឱ្យលោកបន្ដការងារនេះរហូតដល់សព្វថ្ងៃ។

យុវជនវ័យ២៥ឆ្នាំរូបនេះ បាននិយាយថា សម្រាប់សិល្បៈគូសមុខ ខ្លួនមិនធ្លាប់បានចូលរៀននៅសាលាពីមុនមកនោះទេ។ ហើយអ្វីដែលខ្លួនអាចធ្វើបាន អាចមកពីមានដុងពីកំណើតក៏ថាបាន។ លោក វ៉ាត វ៉ាន់ បានបញ្ជាក់ថា លោកមើលវីដេអូផ្សេងនៅ តាមបណ្ដាញសង្គមនានា ហើយលោកក៏មានគំនិត ក្នុងការគូររូបភាពផ្សេងៗនៅលើមុខ។ ក្រោយមកលោកក៏ទទួលបានឱកាសសិក្សាបន្ថែម នៅក្នុងថ្នាក់ master class ផ្នែកផាត់មុខបែបហូលីវូដ។

យុវជនរូបនេះ បាននិយាយទៀតថា កន្លងមក តាមរយៈទេពកោសល្យដែលលោកមាន លោកធ្លាប់ចូលរូមប្រកួតនៅក្នុងកម្មវិធី មួយចំនួនដូចជា កម្មវិធី Global Art Cambodia ដែលទទួលបានជ័យលាភីលេខ២ (First Runner Up) ក៏ដូចជាចូលរួមប្រកួតគូសគំនូរអនឡាញ តាមរយៈ Toy and Me ដែលនៅពេលនោះលោកទទួលបានជ័យលាភីលេខ១ និងមានគំនូរមួយទៀតដែលលោកបានដាក់ប្រកួតនៅក្នុង Factory Phnom Penh ទទួលបានជ័យលាភីលេខ២។ កម្មវិធីចុងក្រោយដែលលោកបានចូលរួមប្រកួត គឺកម្មវិធី Youth Future Fair រៀបចំដោយអង្គការសហប្រជាជាតិ ជាកម្មវិធីប្រឡង The Next In Art ដែលលោកបានជាប់ជ័យលាភី និងទទួលបានពានរង្វាន់ នៅក្នុងកម្មវិធីនេះ។

លោក វ៉ាត វ៉ាន់ មានក្ដីស្រមៃចង់មាន Show ជារបស់ខ្លួន ដែលអាចឱ្យយុវជនកម្ពុជា ដែលមានសមត្ថភាព មកបង្ហាញនៅក្នុង Show មួយនេះ។ បន្ថមពីនេះលោកក៏មានគម្រោងបើកវគ្គសិក្សា បង្រៀនជំនាញដែលលោកចេះ ដល់កុមារកម្ពុជា ដែលគ្មានសមត្ថភាពបង់ប្រាក់ក្នុងការសិក្សា។ ហើយលោកមានក្ដីស្រម៉ៃក្នុងការធ្វើការជាផ្នែកមួយនៅក្នុងហូលីវូដ ដោយសារលោកចង់យកស្នាដៃកូនខ្មែរទៅបង្ហាញនៅអន្ដរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង