ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នាថ្ងៃអង្គារទី ៣១ ខែតុលានេះថា អវកាសយានិកចិនបីនាក់បានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាពនៅថ្ងៃអង្គារបន្ទាប់ពីចំណាយរយៈពេលប្រាំខែនៅក្នុងគន្លងគោចរនៅឯស្ថានីយអវកាសរបស់ប្រទេសដើម្បីបំពេញបេសកកម្ម។
អវកាសយានិកចិនបីនាក់មានលោក Jing Haipeng, Zhu Yangzhu និង Gui Haichao បានចុះទៅដល់ទីតាំងចុះចត Dongfeng របស់ប្រទេសចិននៅម៉ោង ៨ ព្រឹក។ ខ្សែវីដេអូបង្ហាញពីការចុះចតយានរបស់អ្នកទាំងបីនៅលើវាលខ្សាច់ Gobi។
សារព័ត៌មានរដ្ឋចិន CCTV បានឲ្យដឹងទៀតថា "ការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្ត និងក្រុមពេទ្យជំនាញបានកំពុងនៅនឹងកន្លែង បានបញ្ជាក់ថា អវកាសយានិកមានសុខភាពល្អ"។"បេសកកម្មហោះហើររបស់នាវិក Shenzhou-16 គឺជាជោគជ័យទាំងស្រុង"របស់ប្រទេសចិនក្នុងការបេសកកម្មលើលំហអវកាស ។អវកាសយានិកទាំងបីបានធ្វើដំណើរទៅកាន់ស្ថានីយអវកាស Tiangong របស់ប្រទេសចិនកាលពីចុងខែឧសភា ហើយស្ថិតនៅក្នុងគន្លងតារាវិថីអស់រយៈពេល ១៥៤ ថ្ងៃ។ពួកគេបានចំណាយពេលធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងធ្វើការដើរក្នុងលំហអាកាសជិតប្រាំបីម៉ោង។
ទីក្រុងប៉េកាំងបានពន្លឿនផែនការដើម្បីក្លាយជាមហាអំណាចអវកាសចាប់តាំងពីប្រធានាធិបតីចិន លោក ស៊ីជិនភីង ចូលកាន់តំណែងកាលពីមួយទសវត្សរ៍មុន។មហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកបានវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងកម្មវិធីអវកាសដែលគ្រប់គ្រងដោយយោធារបស់ខ្លួន ដើម្បីតាមទាន់សហរដ្ឋអាម៉េរិក និងរុស្សី។ចិនក៏មានគោលបំណងបញ្ជូនយានអវកាសទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ ២០៣០ ហើយគ្រោងនឹងសាងសង់មូលដ្ឋានមួយនៅលើឋានព្រះច័ន្ទ៕