ភ្នំពេញ៖ ប្រទេសកម្ពុជា និងវៀតណាម សម្រេចបានលើកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនបានប្រមាណ ៨៤% នៃព្រំដែនគោក ហើយភាគីទាំងពីរប្ដេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក សំដៅឆ្ពោះទៅបញ្ចប់កិច្ចការដែលនៅសេសសល់ប្រមាណ ១៦%។
ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីសម្រេចឱ្យបាននូវគោលបំណងរួម ក្នុងការបង្កើតព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការបញ្ជាក់នេះធ្វើឡើង នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសវៀតណាម ថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។
ជាមួយគ្នានោះ ភាគីទាំងពីរបានសម្ដែងការពេញចិត្ត ចំពោះទំនាក់ទំនងជិតស្និទ្ធ និងផ្ដល់ប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និងវៀតណាម ដែលបន្តលូតលាស់ឥតឈប់ឈរលើគ្រប់វិស័យ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឈរលើស្មារតី «ភាពជាអ្នក ជិតខាងល្អ មិត្តភាពជាប្រពៃណ៏ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវត្តថ្មីៗ នៅក្នុងប្រទេសកម្ពុជា និងវៀតណាម និង បានពិភាក្សាយ៉ាងស៊ីជម្រៅ លើវិស័យជាច្រើនរួមមាន សន្តិសុខ-នយោបាយ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ អប់រំ និងវប្បធម៌ ជាដើម ក្នុងគោលបំណងបម្រើជាឧត្តមប្រយោជន៍ប្រទេសទាំងពីរ៕