អារ៉ាប់អេមីរ៉ាត៖ យុវជនមានពិការភាពកម្ពុជាឈ្នះមេដាយមាស និងមេដាយសំរិទ្ធ ក្នុងការប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ចាប់ពីថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០២៣។
យុវជនមានពិការភាពកម្ពុជាឈ្មោះ ចនពៅ ស៉ីរ៉ាណូ បានឈ្នះមេដាយមាស លើវិញ្ញាសា eLifeMap ពីការប្រកួតរយៈពេល ២ថ្ងៃនេះ។ ក្រៅពីមេដាយមាស យុវជនមានពិការភាពកម្ពុជាក៏ទទួលបានមេដាយសំរិទ្ធ ចំនួន ៤គ្រឿង ក្នុងការប្រកួត Global IT Challenge for Youth with Disability 2023 លើវិញ្ញាសា eContent លក្ខណៈជាក្រុម (ចំនួន៤រូប) ផងដែរ។
ការប្រកួតប្រជែងសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ នេះមានអ្នកចូលរួមសរុប ចំនួន ៥៣៦រូប ក្នុងនោះយុវជនមានពិការភាពចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦រូប) ដោយមានយុវជនមកពីប្រទេចំនួន១៨ គឺប្រទេសកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេចូពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងឥណ្ឌូនេស៊ី។
Global IT Challenge for Youth with Disabilities (GITC) គឺជាគម្រោងមួយដើម្បីពង្រឹងសមត្ថភាព ICT របស់យុវជនពិការ ចាក់គ្រឹះសម្រាប់វឌ្ឍនភាពសង្គម និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពប្រើប្រាស់ឌីជីថលសម្រាប់យុវជនពិការ។
សូមបញ្ជាក់ថា GITC បានចាប់ផ្តើមនៅឆ្នាំ១៩៩២ ក្នុងប្រទេសកូរ៉េ ជាមួយនឹងគោលដៅកាត់បន្ថយការបែងចែកគម្លាតឌីជីថលសម្រាប់ជនមានពិការភាព។ ចាប់តាំងពីឆ្នាំ២០១១ មក GITC ត្រូវបានពង្រីកដល់យុវជនពិការជុំវិញពិភពលោកដើម្បីលើកកម្ពស់ការចូលរួមរបស់ពួកគេនៅក្នុងសង្គមតាមរយៈការចូលរៀនថ្នាក់ឧត្តមសិក្សានិងស្វែងរកឱកាសការងារ៕