Cctimesw1140xh150cm copy

គណៈរដ្ឋមន្រ្តីកម្ពុជាអនុម័តសេចក្តីព្រាងព្រះរាជក្រឹត្យដើម្បីដោះស្រាយ«វិវាទ»ក្រៅប្រព័ន្ធតុលាការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

ភ្នំពេញ៖កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃសុក្រទី ២៧ តុលានេះ  ក្រោមអធិបតីភាពដ៏ខ្ពង់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ក្នុងកិច្ចប្រជុំនោះ គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងហើយ លើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ គឺរៀបចំឡើង ដើម្បីជំរុញសេវាដោះស្រាយក្រៅប្រព័ន្ធតុលាការនៅជិតប្រជាពលរដ្ឋកម្ពុជា ជាពិសេសពលរដ្ឋនៅតាមមូលដ្ឋានដោយយកតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុន សែន។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា សេចក្តីព្រាងព្រះរាជក្រឹត្យនឹងជួយពន្លឿនការដោះស្រាយវិវាទ កាត់បន្ថយការកកស្ទះសំណុំរឿង ជួយសម្រួលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង ជាការកែទម្រង់នៃប្រព័ន្ធតុលាការនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ និង ការផ្តល់យុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសគាំទ្រ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ហើយស្នើសុំដល់ក្រសួងយុត្តិធម៌ពន្លឿនការងារឱ្យបានលឿន ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ។

គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានរបៀបវារៈចំនួន៤ ក្នុងនោះមានរបៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង