ព្យុងយ៉ាង៖ ក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់អ៊ីស្រាអែលថាបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី ១៧ ខែតុលា ដោយមានការសមគំនិតពីសហរដ្ឋអាម៉េរិកពីក្រោងខ្នងថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងក៏បានបន្ទោសសហរដ្ឋអាម៉េរិកផងដែរសម្រាប់ការ "ផ្តល់ភ្លើងខៀវឱ្យអ៊ីស្រាអែលក្នុងការសម្លាប់រង្គាលប្រជាជនប៉ាឡេស្ទីនដោយគ្មានការព្រួយបារម្ភពីជីវិតរបស់មនុស្សឡើយ។
អ្នកនាំពាក្យរបស់កូរ៉េខាងជើងបន្ថែមទៀតថា៖ «នេះបង្ហាញថាសហរដ្ឋអាម៉េរិកជាអ្នកសមគំនិតដែលបានគិតនិងជំរុញការប្រល័យពូជសាសន៍របស់អ៊ីស្រាអែល»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងតែងតែប្រកែកប្រឆាំងនឹងទស្សនៈលោកខាងលិច ជាពិសេសអាម៉េរិកចំពោះបញ្ហាអន្តរជាតិ។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាបាននិយាយថាមនុស្សចំនួន ៤៧១ នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យ Al-Ahli al-Arabi កាលពីដើមខែនេះ។ ប៉ាឡេស្ទីន និងរដ្ឋអារ៉ាប់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារមន្ទីរពេទ្យ ចំពេលដែលអ៊ីស្រាអែលបានចាត់ទុក ការបំផ្ទុះនេះបណ្តាលមកពីការបាញ់រ៉ុក្កែតបរាជ័យដោយក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាតប៉ាឡេស្ទី ។
មន្ត្រីអាម៉េរិកអះអាងថាមន្ត្រីចារកម្មអាម៉េរិកមាន "ទំនុកចិត្តខ្ពស់" ថាការផ្ទុះនេះគឺបណ្តាលមកពីគ្រាប់រ៉ុក្កែតប៉ាឡេស្ទីនដែលបានបើការវាយប្រហារលើមន្ទីពេទ្យមិនមែនដោយអ៊ីស្រាអែលទេ។មន្ត្រីអាម៉េរិកក៏បានឲ្យដឹងទៀតថានៅតែមានភាពមិនច្បាស់លាស់ជុំវិញចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះនៅមន្ទីរពេទ្យ និងចំនួនអ្នករបួស៕