681 ezgif.com resize
Moneygramott moi1280x163px

មន្ត្រី៖មិនមានករណីធ្វើផ្លូវសម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើនៅក្បែរព្រៃឡង់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ជាតំបន់ការពារធម្មជាតិមួយ ក្នុងចំណោមតំបន់ការពារធម្មជាតិកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិនោះក៏ត្រូវបានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីឧទ្យានុរក្ស។ ខណៈពេលកន្លងមក មានព័ត៌មានចុះផ្សាយថាមានការលួចដឹកឈើចេញព្រៃឡង់។ ជុំវិញករណីនេះត្រូវបាន ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ឆ្លើយតបថាជាព័ត៌មានមិនច្បាស់លាស់ ហើយរូបភាពទាំងនោះជារូបភាពចាស់ និងជាផ្លូវចាស់ដែលបានបោះបង់ចោលយូរហើយ។

ជុំវិញកិច្ចការងារការពារធនធានធម្មជាតិនេះ លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» បានបញ្ជាក់ថា កន្លងមកនេះមន្ត្រីឧទ្យានុរក្ស និងសហគមន៍ ប្រជាពលរដ្ឋរបស់លោកដូច «មាត់ និងធ្មេញ» គឺបានសហការយកចិត្តទុកដាក់ការចូលរួមការពារធនធានធម្មជាតិនៅក្នុងតំបន់ភូមិសាស្ត្រការពារធម្មជាតិព្រៃឡង់នេះ។ លោកមេឃុំបឹងរូបនេះ បានបញ្ជាក់បន្ថែមថា សម្រាប់ឃុំបឹងចារ មានប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ហើយពលរដ្ឋទាំងនោះភាគច្រើន កំពុងប្រកបមុខរបរកសិកម្ម និងមួយចំនួនទៀតគាត់កំពុងទទួលផលពីការងារនៅចំការឈើដាំ។ ដោយឡែកមួយចំនួនទៀត បានបន្តចេញទៅធ្វើការងារនៅរាជធានីភ្នំពេញ។

បន្ថែមពីនេះ លោក ហ៊ុល សឿង បានគូសបញ្ជាក់ថា សម្រាប់ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានឃុំបឹងចារ ពួកគាត់មានដីផ្ទាល់ខ្លួន ដោយបានបន្ថែមការដាំដំណាំផ្សេងៗជុំវិញផ្ទះ។ ដូច្នេះ ការចូលព្រៃកាប់ឈើ គឺលែងមានទៀតហើយ បើមានគឺមានតិចតួចណាស់មានន័យថាស្ទើរតែលែងមានតែម្តង ក្នុងចំណោម ១០០នាក់ មានត្រឹមតែម្នាក់ ឬក៏ពីរនាក់ ដែលនៅបន្តលួចលាក់មុខរបរនេះ ប៉ុន្តែ គ្រាន់តែយកទៅធ្វើសម្ភារៈនិងសម្រាប់យកទៅសាងសង់ផ្ទះតិចតួចតែប៉ុណ្ណោះ ហើយករណីលួចធ្វើផ្លូវចូលតំបន់ព្រៃឡង់ ដើម្បីដឹកឈើចេញនោះ ត្រូវបានលោកមេឃុំបឹងចារ បញ្ជាក់ឱ្យដឹងថា មិនមាននោះទេ។

ឆ្លើយតបនឹងករណីនេះដែរ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានអះអាងថា កន្លងមកនេះ ភូមិសាស្ត្រព្រៃឡង់ ដែលមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងគ្រប់គ្រង គឺមិនមានបបទល្មើសកាប់ទន្ទ្រានព្រៃឈើទ្រង់ទ្រាយធំនោះទេ តែជាសកម្មភាពប្រជាពលរដ្ឋគាត់កាប់ឈើសម្រាប់ធ្វើសម្ភារៈ និងលំនៅដ្ឋានតូចតាចប៉ុណ្ណោះ។ ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែងរូបនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទីនេះតទៅ គឺមិនមានលើកលែងនោះទេ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ។ សមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីនៃច្បាប់ បញ្ជូនទៅតុលាការចំពោះអ្នកប្រព្រឹត្តបទល្មើសទាំងនោះ។

បើតាមការបញ្ជាក់បន្ថែមរបស់ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង កន្លងមកនេះមានព័ត៌មានចុះផ្សាយថាមានការលួចដឹកឈើចេញព្រៃឡង់ ប៉ុន្តែតាមការអង្កេតមើលរូបភាពផ្លូវដែលត្រូវបានយកទៅផ្សព្វផ្សាយថាជាផ្លូវធ្វើថ្មីសម្រាប់ដឹកឈើចេញពីតំបន់ព្រៃឡង់នោះ គឺជាផ្លូវចាស់។ សម្រាប់ព័ត៌មានដែលចុះផ្សាយនេះជាព័ត៌មានមិនច្បាស់លាស់ ហើយរូបភាពនេះជារូបចាស់ មន្ទីរបានស្រាយបំភ្លឺរួចហើយកាលមុនពិធីបុណ្យចូលឆ្នាំ សកម្មភាពនេះមន្ទីរបានដាក់សំណុំរឿងទៅតុលាការហើយ។

ជាមួយគ្នានោះ លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការចុះផ្សាយជុំវិញការលួចធ្វើផ្លូវចូលព្រៃឡង់ សម្រាប់ដឹកឈើចេញនោះ គឺមិនមានទេ ហើយរូបភាពផ្លូវដែលផ្សាយមិនពិតនោះ គឺជាផ្លូវចាស់ដែលបានបោះបង់ចោលយូរហើយ ខណៈមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងចុះល្បាត និងអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះជនល្មើសធនធានធម្មជាតិ។ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានបញ្ជាក់ទៀតថា សម្រាប់ផ្លូវចេញពីព្រៃឡង់ភ្ជាប់មកដីក្រុមហ៊ុន ស៊ីង បាយ អូថេក ជាដានផ្លូវចាស់ដែលប្រជាជនប្រើប្រាស់រកជ័រទឹកនៅរដូវប្រាំង ដោយអាចធ្វើដំណើរដោយថ្នើរជើង និងតាមរយៈម៉ូតូ តែប៉ុណ្ណោះ៕


Khcct banner

អត្ថបទទាក់ទង