សេអ៊ូល៖ សេចក្តីថ្លែងការណ៍រួម ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាម៉េរិក បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្គត់ផ្គង់អាវុធ និងបរិក្ខាយោធា ដោយកូរ៉េខាងជើងដល់ប្រទេសរុស្សី។
រុស្សី និងកូរ៉េខាងជើងបានបដិសេធការផ្ទេរសព្វាវុធពីកូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់រុស្សីប្រឆាំងនឹងអ៊ុយក្រែន ចំពេលមានរបាយការណ៍ដែលទីក្រុងវ៉ាស៊ីនតោន និងអ្នកស្រាវជ្រាវបានរកឃើញថានាវាផ្ទុកកុងតឺន័ររបស់កូរ៉េខាងជើងជូនដល់រុស្សីទំនងជាមានអាវុធសម្រាប់ធ្វើសង្រ្គាមជាច្រើនប្រភេទ។ យោងតាមរបាយការណ៍"សាធារណរដ្ឋកូរ៉េ សហរដ្ឋអាម៉េរិក និងជប៉ុន បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្តល់សម្ភារៈយោធា និងអាវុធដោយកូរ៉េខាងជើង ដល់សហព័ន្ធរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែន"។
អាម៉េរិកអះអាងថា "ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះសម្ភារៈទាំងឡាយណាដែលរុស្សីផ្តល់ដល់កូរ៉េខាងជើង ដើម្បីគាំទ្រដល់គោលដៅយោធារបស់ទីក្រុងព្យុងយ៉ាង" ហើយប្រតិបត្តិការអាវុធណាមួយជាមួយកូរ៉េខាងជើងបានរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើន ដែលទីក្រុងម៉ូស្គូខ្លួនឯងបានបោះឆ្នោតឱ្យ។
គួរបញ្ជាក់ថាកូរ៉េខាងជើងនិងរុស្សីបានសន្យាផ្តល់កិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធជាមួយគ្នានៅពេលដែលមេដឹកនាំរបស់របស់ប្រទេសទាំងពីរបានជួបគ្នាក្នុងខែកញ្ញានៅភាគខាងកើតរបស់រុស្សី ចំពេលដែលថ្មីៗនេះរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងខែនេះ ហើយបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលកាលពីកន្លងទៅ៕