ភ្នំពេញ៖ ដោយពិនិត្យឃើញហានិភ័យនិងកំណើន គ្រោះថ្នាក់កើតមានឡើងច្រើននៅលើបណ្តាញអ៊ីនធឺណិតចំពោះកុមារកម្ពុជា ក្រសួងប្រៃសណីយ៍ បានរៀបចំគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារ លើប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាអនុវត្ត។ គោលការណ៍ណែនាំនេះមានគោលដៅសំខាន់ជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចាប់យកយន្តការបង្ការប្រកបដោយប្រសិទ្ធភាពមួយចំនួន ដើម្បីធានាថាសវា និងផលិតផលរបស់ខ្លួនមានសុវត្ថិភាព ចំពោះកុមារ និងអាចឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់នានាដែលកើតមាន។
គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារ លើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ត្រូវបានរៀបចំឡើងបន្ទាប់ពីក្រសួងប្រៃសណីយ៍ បានវិភាគស្ថានភាពអំពីភាពរួចរាល់របស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា ក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារ និងអំពើហិង្សាលើកុមារក្នុងទម្រង់ផ្សេងៗតាមប្រព័ន្ធអនឡាញ។ គោលការណ៍ណែនាំនេះត្រូវបានរៀបចំឡើង ឆ្លើយតបទៅនឹងតម្រូវការដែលកំណត់នៅក្នុងការវិភាគស្ថានភាពដំបូងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារស្តីពីការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងការសិក្សាអំពីការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា និងការចង្អុលបង្ហាញក្នុងផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ២០២១-២០២៥។
កិច្ចការពារកុមារសំដៅដល់ការទប់ស្កាត់ និង ឆ្លើយតបទៅនឹងអំពើហិង្សា ការកេងប្រវ័ញ្ច និង ការរំលោភបំពានលើកុមារ នៅគ្រប់ស្ថានភាព។ កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ គឺជាការទប់ស្កាត់ និងឆ្លើយតបទៅនឹងគ្រប់ទម្រង់ នៃអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន នៅក្នុងលំហឌីជីថល ព្រមទាំងទទួលស្គាល់ថាអ្វីដែលកើតឡើងនៅលើអនឡាញ មិនមែនត្រឹម តែមាននៅក្នុងលំហឌីជីថលទេ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយ នឹងអ្វីដែលកើតឡើងនៅក្រៅប្រព័ន្ធអនឡាញ។ លំហឌីជីថលគឺជាបរិបទមួយដែលអំពើហិង្សាអាចកើតឡើងតាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា៕