![](https://cdn.cc-times.com/kh.cc-times.com/media/39245/large/photo_2023-10-23_16-02-46.jpg?1698051795)
ភ្នំពេញ៖ រដ្ឋបាលខណ្ឌកំបូល នៅថ្ងៃទី ២១ តុលា បានចេញសេចក្ដីជូនដំណឹងអំពី ការបញ្ឈៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅលើកំណាត់ផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ ខណៈភ្លៀងនៅតែធ្លាក់ជាបន្តបន្តាប់ ដែលបង្កជាជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួន នឹងជៀសវាងការខូចខាត់ផ្លូវ។
យោងតាមរដ្ឋបាលខណ្ឌកំបូល ជូនដំណឹងអំពីការបញ្ឈៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្ន ដើម្បីការពារនូវសន្តិសុខសុវត្តិភាពក្នុងការធ្វើចរាចរ នឹងការពារកុំឲ្យមានការខូចខាត់កំណាត់ផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌកំបូលនឹងធ្វើការបញ្ឈៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ នៅទីតាំងមួយចំនួនរួមមាន៖ ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីស្រុកអង្គស្នួល ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ ត្រូវធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៤២ ស្ថិតក្នុងឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។
ចំណែក ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្លងកាត់ភូមិសាស្ត្រខណ្ឌកំបូល ទៅកាន់ស្រុកអង្គស្នួល ខេត្តកណ្តាល់ ត្រូវធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៣ ឬផ្លូវក្រវ៉ាត់ក្រុងទី៣ ឬផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រដ្ឋបាលគូសបញ្ជាក់ ដល់ប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ មេត្តាជ្រាប សូមការយោគយល់ និងបញ្ចៀសការធ្វើដំណើរទៅតាមផ្លូវដែលបានបញ្ជាក់ជូនខាងលើ។ បន្ទាប់ពីស្ថានភាព ជំនន់ទឹកភ្លៀងស្រកចុះ រដ្ឋបាលខណ្ឌកំបូលនឹងបើកឱ្យចរាចរជាធម្មតាវិញ ៕