ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤តុលានឹងបញ្ចៀសចរាចរបណ្ដោះអាសន្ន ជុំវិញ ទីតាំងប្រារព្ធពិធី ចាប់ពីស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៤ ក្នុងពិធីសម្ភោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាថ្ងៃស្អែកនេះ។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់មហាវិថីឈ្នះឈ្នះចាប់ពីស្ពានព្រែកព្នៅ រហូតដល់ ផ្លូវជាតិលេខ៤ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការ ធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕