ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ ១លានដើម ក្នុង១មួយ ជារៀងរាល់ឆ្នាំចាប់ពីពេលនេះតទៅ។ យុទ្ធនាការដាំដើមឈើ ធ្វើឡើងក្នុងគោលបំណង ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃឱ្យបាន៦០% និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រាប់ស៊ីស៊ីថាមស៍ថា ការដាក់អនុវត្តយុទ្ធនាការដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំ ក្នុងគោលបំណងពង្រីកវិសាលភាពគម្របព្រៃឈើឱ្យបាន៦០% ស្របយុទ្ធសាស្ដ្របញ្ចកោណរបស់រដ្ឋាភិបាល។ បច្ចុប្បន្ននេះ រដ្ឋមន្ដ្រី និងមន្ដ្រីក្រសួងបរិស្ថានគ្រប់ជាន់ថ្នាក់ កំពុងធ្វើការបណ្ដុះកូនឈើគ្រប់ប្រភេទ នៅតាមមន្ទីរបរិស្ថានទូទាំងប្រទេសកម្ពុជា។
លោក អ៊ាង សុផល្លែត បានបន្ដថា មន្ទីរបរិស្ថានទូទាំងប្រទេស បាននឹងកំពុងបណ្ដុះកូនឈើគ្រប់ប្រភេទទាំងអស់ ដែលស្របទៅតាមទីតាំងភូមិសាស្ដ្រ ក៏ដូចជាស្ថានភាពដីរបស់ខេត្តនិមួយៗ។ កូនឈើទាំងនោះ ក្រសួងនឹងធ្វើការចែកជូនប្រជាពលរដ្ឋដែលមានបំណងចង់ដាំកូនឈើ រួមទាំងចែករំលែកនូវបច្ចេកទេសដាំកូនឈើទាំងនោះដល់ប្រជាពលរដ្ឋផងដែរ។ ក្រសួងនឹងយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាសហគមន៍ ជាពិសេសសហគមន៍នៅក្នុងតំបន់ការពារ ក្រសួងនឹងជូនកូនឈើយកទៅដាំ ហើយកូនឈើទាំងនោះ ជាប្រភេទដើមឈើដែលអាចទទួលបាននូវផលផ្លែ ដែលអាចប្រើប្រាស់ ទទួលភ្ញៀវទេសចរ និងជាទីផ្សារដើម្បីបង្កើនចំណូលផង។
លោក អ៊ាង សុផល្លែត បានណែនាំដលដល់មន្ដ្រីក្រសួងបរិស្ថាន ឱ្យដាំកូនឈើគ្រប់ប្រភេទទាំងអស់ ព្រោះប្រជាពលរដ្ឋមានចំណង់ចំណូលចិត្តដាំដើមឈើប្លែកៗពីគ្នា ហើយការដាំនោះទៀតសោត គឺត្រូវស្របតាមទីតាំងភូមិសាស្ដ្រ ក៏ដូជាស្ថានភាពដីជាក់ស្ដែង បើមិនដូច្នោះទេ កូនឈើនឹងមិនលូតលាស់នោះទេ៕