ភ្នំពេញ៖ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤តុលា ស្អែកនេះ ក្រោមអធិបតីរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ជាមួយគ្នានោះ សម្តេច ក៏នឹងប្រកាសអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ”។
មន្ទីរពេទ្យជាតិ តេជោសន្តិភាព សាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន កំឡុងពេលកម្ពុជាជួបការរាតត្បាតនៃជំងឺកូវីដ១៩។ មន្ទីរពេទ្យជាតិមួយនេះ សាងសង់រួចរាល់ជាស្ថាពរត្រឹមរយៈពេល១២ខែ មានភាពទំនើប និងផ្ទុកគ្រែអ្នកជំងឺរហូតដល់១ម៉ឺនគ្រែ ជាមួយការបំពាក់បរិក្ខារ ដោយប្រែក្លាយមន្ទីរពេទ្យនេះ ឱ្យក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកសម្រាប់ព្យាបាលអ្នកជំងឺមហារីក ជាពិសេសស្ត្រី។
កន្លងទៅ សម្តេច ហ៊ុន សែន បានលើកឡើងថាប្រសិនបើជំងឺកូវីដ១៩ ផ្ទុះឡើងវិញនោះ ត្រូវតែមានមន្ទីរពេទ្យធំមួយ សម្រាប់គោលដៅយូរអង្វែងដើម្បីធ្វើការពិនិត្យ និងព្យាបាលប្រជាជន ដែលតម្រូវឱ្យមានការសាងសង់មន្ទីរពេទ្យតេជោសន្តិភាពនេះឡើង។
គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២៕