ភ្នំពេញ៖ កម្ពុជាបានបញ្ជូនយុវជនមានពិការភាពជម្រើសជាតិចំនួន ៤រូប ដើម្បីចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០២៣។
យុជនកម្ពុជា៤រូប ចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត។ ក្រៅពីចូលរួមប្រកួតផ្ទាល់នៅអារ៉ាប់រួម យុវជនមានពិការភាពកម្ពុជា ចំនួន ១៩រូប ក៏នឹងចូលរួមប្រកួតប្រជែងតាមអនឡាញពីកម្ពុជា ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៣ ផងដែរ។
ការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ នេះមានអ្នកចូលរួមសរុប ចំនួន ៥៣៦រូប ក្នុងនោះយុវជនមានពិការភាព ចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦រូប)។ យុវជនដែលចូលរួមក្នុងការប្រកួតនេះមានចំនួន១៨ប្រទេស គឺប្រទេសកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេចពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងប្រទេសឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា ការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ចែកជាពីរគឺ ការប្រកួតដោយផ្ទាល់ និងតាមអនឡាញ។ ការប្រកួតនេះ មានវិញ្ញាសារចំនួន៦ មានដូចជា+ 1-eTool (Powerpoint) 2-eTool (Excel) 3-eLifeMap 4-eContents 5-eCreative_Smart Car 6-eCreative_loT 1៕