សិង្ហបុរី៖ តាមរយៈកិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ប្រកបដោយលទ្ធផលគាប់ប្រសើរនោះ វិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITE នៃប្រទេសសិង្ហបុរី បានប្រគល់ពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)» ជូនដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។
ក្នុងឱកាសខួបលើកទី២០នៃការផ្ដល់សេវាអប់រំបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITEES។ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានឡើងទទួលពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែក TVET» ដោយផ្ទាល់ពីលោក ហឹង ឈាំងនី (Heng Chiang Gnee) នាយកវិទ្យាស្ថាន ITE។
សូមបញ្ជាក់ថា វិទ្យាស្ថាន ITE បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅប្រទេសមួយចំនួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាក៏បានសហការជាមួយវិទ្យាស្ថាននេះផងដែរ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ ជាមួយវិទ្យាស្ថាន ITE បានសម្រេចនូវផ្លែផ្កាគួរឱ្យកត់សម្គាល់ ពិសេសលើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ គ្រូបង្គោល TVET និងមន្ត្រីគ្រប់គ្រងនៅតាមគ្រឹះស្ថាន TVET នានារបស់កម្ពុជា៕