681 ezgif.com resize
Moneygramott moi1280x163px

ពិព័រណ៍រូបថត«សត្វផ្សោតទន្លេមេគង្គកម្ពុជា»បើកឲ្យសាធារណៈជនចូលទស្សនាដោយសេរីរយៈពេល១ខែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អង្គការមូនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានសហការជាមួយវិទ្យាស្ថានភាសាបារាំង ដោយមានការគាំទ្រដោយក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងរដ្ឋបាលជលផល រៀបចំពិព័រណ៍រូបថតអំពីសត្វផ្សោតទន្លេមេគង្គ ក្នុងគោលបំណង ផ្សព្វផ្សាយចំណេះដឹងអំពីសារៈសំខាន់ និងការអភិរក្សសត្វផ្សោត និងវារីសាស្ត្រផ្សេងទៀតនៅទន្លេមេគង្គដល់សាធារណៈជន និងទាញការចូលរួមក្នុងការងារអភិរក្សសត្វផ្សោតដែលជារតនៈសម្បត្តិជាតិមានជីវិតនៃព្រះរាជាណាចក្រកម្ពុជា។ ពិព័រណ៍នេះបើកឲ្យសាធារណៈជនចូលទស្សនាដោយសេរី រយៈពេល១ខែ ចាប់ពីថ្ងៃទី១៨តុលាតទៅ នៅវិទ្យាស្ថានភាសាបារាំង។

សូមជម្រាបថា កម្មវិធីសម្ពោធពិព័រណ៍រូបថតអំពីសត្វផ្សោតទន្លេមេគង្គ នាថ្ងៃពុធ ទី១៨ ខែតុលា ម្សិលមិញនេះ បានចាប់ផ្តើមពីម៉ោង៥:៣០ ល្ងាច ដល់៨:០០យប់ នៅវិទ្យាស្ថានភាសាបារាំង ដែលមានការអញ្ជើញជាកិត្តិយសដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា តាមរយៈការដាក់បង្ហាញរូបថតភ្ជាប់ជាមួយខ្លឹមសារ នឹងផ្តល់ចំណេះដឹងអំពីសារៈសំខាន់និងការអភិរក្សសត្វផ្សោតទន្លេមេគង្គដែលប្រភេទសត្វជិតផុតពូជ។ ប្រជាជនកម្ពុជាមានជំនឿថា "ទីណាមានផ្សោត ទីនោះមានត្រី” ការការពារសត្វ ផ្សោតទន្លេមេគង្គគឺជាការអនុវត្តសកម្មភាពប្រកបដោយមោទនភាពដែលរួមចំណែកនាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមមាន ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងការស្ដារឡើងវិញនូវធនធានជីវចម្រុះទឹកសាប និងប្រព័ន្ធអេកូឡូស៊ី ដែលជួយ បង្កើតភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ផ្សោតទន្លេមេគង្គជារតនៈសម្បត្តិជាតិមានជីវិត ហើយ ទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វផ្សោតទន្លេមេគង្គ ។ ទន្លេនេះក៏ជាប្រភពមួយដ៏សំខាន់ ក្នុងការផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ការរស់នៅរបស់ប្រជាជន។ ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៃទន្លេមេគង្គគាំទ្រដល់វិស័យកសិកម្ម និងនេសាទប្រកបដោយនិរន្តរភាព ដែលប្រជាជនរាប់លាននាក់កំពុងពឹងអាស្រ័យសម្រាប់របរចិញ្ចឹមជីវិតជាអាហារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ លំហូរបែបធម្មជាតិនៃទន្លេមេគង្គគឺជាកត្តាចាំបាច់បំផុតដែលធានាបាននូវការ បន្តទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗខាងលើរបស់ប្រជាជន សម្រាប់រយៈពេលវែង ក៏ដូចជាការបន្តរស់រានមានជីវិតរបស់សត្វផ្សោតនៅក្នុង ទន្លេមេគង្គ៕


Khcct banner

អត្ថបទទាក់ទង