ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយ ចំនួននៅប្រទេសកម្ពុជា។ ខណៈនេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុក ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្តល់ការព្យាបាល និងអប់រំបង្ការការ ឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។
រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក ។ល។
បើតាមក្រសួងសុខាភិបាល បានឲ្យដឹងថា ជំងឺភ្នែកក្រហមនេះបណ្តាលមកពីមូលហេតុធំៗ៖
១. បង្កដោយវីរុស៖ អាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត។ ចាប់ផ្តើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ - មានហៀរទឹកចេញពីភ្នែក តែមិនខាប់ទ
២. បង្កដោយបាក់តេរី៖ ភាគច្រើនមានអាចម៍ភ្នែក ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នា។
ជំងឺភ្នែកក្រហមដោយវីរុសនិងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្ស ផ្សេងទៀត។ អ្នកអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ (សម្អាត ដៃឱ្យបានស្អាតជានិច្ច)។
ចំពោះវិធីបង្ការការឆ្លងជំងឺឆ្លងភ្នកក្រហមត្រូវអនុវត្ត៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗ,ចៀសវាងការប៉ះ ឬត្រដុស ឬញីភ្នែក, ចៀសវៀងប្រើរបស់រួមគ្នា ជៀសវៀងការប៉ះ ឬប្រើថ្នាំភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ ឬប្រើថ្នាំភ្នែករួមគ្នា។