រុស្សី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានថ្លែងអំណរគុណដល់កូរ៉េខាងជើងសម្រាប់ការគាំទ្រប្រតិបត្តិការពិសេសខ្លួនលើអ៊ុយក្រែន ការថ្លែងអំណគុណនេះធ្វើឡើងនៅពេលដែលលោកបានមកដល់ទីក្រុងព្យុងយ៉ាងសម្រាប់ដំណើរទស្សនកិច្ចពេលខ្លី។លោក Lavrov បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកគឺជាឱកាសមួយដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅពេលដែលអ្នកទាំពីរបានជួបគ្នានៅឯតំបន់ Vostochny Cosmodrome របស់រុស្សីក្នុងខែកញ្ញា។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បាននិយាយថា បណ្តាប្រទេសនានាកំពុងកសាង "ទំនាក់ទំនងមិត្តភាពដែលមិនអាចបំបែកបាន" ក្រោមការសម្រេចចិត្ត "យុទ្ធសាស្ត្រ" និងការដឹកនាំរបស់លោក Kim និងលោក Putin។
សម្រាប់លោក Lavrov រុស្សីឲ្យតម្លៃយ៉ាងជ្រាលជ្រៅចំពោះ “ការគាំទ្រជាគោលការណ៍” របស់កូរ៉េខាងជើងជុំវិញនៃប្រតិបត្តិការពិសេសរុស្សីលើអ៊ុយក្រែន ក៏ដូចជាការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាងក្នុងការទទួលស្គាល់ឯករាជ្យភាពនៃតំបន់បំបែកខ្លួនដែលគាំទ្រដោយរុស្សីនៅភាគខាងកើតអ៊ុយក្រែន។លោកបន្ថែមថា"យើងដឹងច្បាស់ថាប្រទេសជាច្រើននៅទូទាំងពិភពលោកចែករំលែកទស្សនៈ និងការវាយតម្លៃស្រដៀងគ្នា ប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះដែលជ្រើសរើស ដូចជាកូរ៉េខាងជើង ប្រកាសយ៉ាងច្បាស់អំពីសាមគ្គីភាពជាមួយរុស្សី ហើយអាចបង្ហាញវាដោយបើកចំហ"។
លោក Lavrov ក៏បានសរសើរកូរ៉េខាងជើងសម្រាប់ "ការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ បើទោះបីជាអាម៉េរិកបន្តដាក់សម្ពាធក៏ដោយ។ រុស្សីគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រដ្ឋាភិបាលលោក Kim ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។
លោក Lavrov បានសាទរចំពោះជំនួបរបស់លោកពូទីនជាមួយលោក គីម ថាជាប្រវត្តិសាស្ត្រ ដោយលោកសង្គត់ធ្ងន់ថា កិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់ប្រទេសក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។
ចំណែកសេតវិមានបានអះអាងថា កូរ៉េខាងជើងបានប្រគល់កុងតឺន័រជាង ១,០០០គ្រឿងរួមមានសម្ភារៈយោធា និងគ្រាប់បែកទៅឱ្យរុស្សី។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា សហរដ្ឋអាម៉េរិកជឿជាក់ថា លោក គីម កំពុងស្វែងរកបច្ចេកវិទ្យាអាវុធទំនើបៗរបស់រុស្សីជាថ្នូរដើម្បីជំរុញកម្មវិធីយោធា និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថាកាលពីដើមសប្តាហ៍នេះ លោក Lavrov បានអមដំណើរលោក ពូទីន ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដែលបញ្ជាក់ពីការគាំទ្ររបស់ចិនចំពោះសង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ ជំនួបខែកញ្ញារវាងលោកគីម និងលោកពូទីនបានបង្កឱ្យមានការព្រួយបារម្ភលោកខាងលិចអំពីសម្ព័ន្ធភាពអាវុធដ៏មានសក្តានុពលមួយ ដែលកូរ៉េខាងជើងនឹងផ្គត់ផ្គង់ដល់ប្រទេសរុស្សីនូវអាវុធដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនជាថ្នូរនឹងបច្ចេកវិទ្យាទំនើបរបស់រុស្សីក្នុងការជំរុញកម្មវិធីនុយក្លេអ៊ែរយោធារបស់លោកគីម៕