ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃស្រេថា ថាវីស៊ីន បានអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅឆ្នាំក្រោយក្នុងប្រទេសថៃ។ ការអញ្ចើញនេះធ្វើឡើងក្នុងជំនួបរវាងលោក និងពូទីនក្នុងទឹកដីនៃប្រទេសចិននាកម្មវិធីខួបលើកទី១០ឆ្នាំនៃខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។
លោក ស្រេតថា និង ពូទីន បានជួបគ្នានៅខាងក្រៅវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិនកាលពីយប់ថ្ងៃអង្គារ ហើយបានពិភាក្សាអំពីការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌។លោក ស្រេត ថា បានមានប្រសាសន៍ថា៖ «ខ្ញុំបានអញ្ជើញពូទីនទៅលេងប្រទេសថៃនៅឆ្នាំក្រោយ»។លោកបន្តថា៖ «ប្រធានាធិបតីពូទីនចូលចិត្តភូកេត ដូចច្នេះខ្ញុំគិតថាលោកនឹងយល់ព្រមចំពោះសំណើររបស់ខ្ញុំ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ លោក ពូទីន បានទទួលយកការអញ្ជើញនេះ ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
ក្នុងអំឡុងពេលជំនួបជាមួយលោក ស្រេតថា លោក ពូទីន បានសោកស្ដាយចំពោះការធ្លាក់ចុះនៃពាណិជ្ជកម្មទ្វេភាគី ដោយសារតែ "ស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់" នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ។ប្រជាជនរុស្សីជាងមួយលាននាក់បានទៅលេងប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍នៅឆ្នាំនេះ។ថ្មីៗនេះ ប្រទេសថៃបានធ្វើការផ្លាស់ប្តូរចំពោះការរៀបចំទិដ្ឋាការរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យជនជាតិរុស្សីចូលទស្សនាព្រះរាជាណាចក្រថៃរហូតដល់បីខែ ដែលជាការកើនឡើងពី ៣០ ថ្ងៃ។៕