
ប៉េកាំង៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើ លោក វ៉ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដើម្បីជាការសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។ ការស្នើនេះធ្វើឡើងក្នុងឱកាសថ្នាក់ដឹកនាំទាំងពីរចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៨តុលានេះ។
ក្នុងជំនួបពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតីវៀតណាម ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបានបង្ហាញបំណងក្នុងការយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញ សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។
សម្តេច ហ៊ុន ម៉ាណែត បានឆ្លើយតបទទួលយកការអញ្ជើញនេះ ដោយនឹងកំណត់កាលបរិច្ឆេទសមស្រប នាពេលឆាប់ៗខាងមុខ៕